(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តអនុញ្ញាតឱ្យបុគ្គលិកមួយចំនួនមិនមានភារកិច្ចបន្ទាន់ នៃអគ្គស្ថានកុងស៊ុលរបស់ខ្លួនប្រចាំទីក្រុង Almaty និងសមាជិក គ្រួសាររបស់ពួកគេចាកចេញពីប្រទេសកាហ្សាក់ស្ថានដោយស្ម័គ្រចិត្ត នៅចំពោះមុខវិធានការដាក់ប្រទេសក្នុងភាពអាសន្ន និងបាតុកម្មតវ៉ាដ៏ហិង្សា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ដូច្នេះថា «ពលរដ្ឋអាមេរិកនៅក្នុងប្រទេសកាហ្សាក់ស្ថាន គួរតែដឹងថាអំពើហិង្សា អាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពរបស់ស្ថានទូតអាមេរិក ក្នុងការផ្ដល់សេវានៃស្ថានកុងស៊ុល ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយដល់ ពលរដ្ឋអាមេរិក ដើម្បីចាកចេញពីកាហ្សាក់ស្ថាន»។

គួរបញ្ជាក់ថា កាហ្សាក់ស្ថាន កំពុងប្រឈមមុខនឹងភាពចលាចល និងអំពើហិង្សាកើតចេញពីការធ្វើបាតុកម្មប្រឆាំងនឹងការដំឡើងថ្លៃប្រេងឥន្ធនៈ ដែលបានរាលដាលទៅ ជាបាតុកម្មតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលតែម្ដង។ មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួស ក្នុងបាតុកម្មតវ៉ានារយៈពេលជាច្រើនថ្ងៃមកនេះ ខណៈរុស្ស៊ី បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់កាហ្សាក់ស្ថានផងដែរ៕