(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៤,៩២៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៨៨៥ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១៥៣ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៨៨៦ករណី, ខេត្ត Quảng Nam ៦១៧ករណី និងខេត្ត Thanh Hóa ៥៨២ករណី។

ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៤១នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,២១៨,១៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៩៥០,២៤៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៧,៤៣២នាក់៕