(ហ្សេរុយសាឡឹម)៖ ប្រធានាធិបតីអ៉ីស្រាអែល លោក អ៉ីសាក់ ហឺហ្ស៊ក (Isaac Herzog) បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃអាទិត្យនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងគោលដៅពង្រឹងទំនាក់ទំនងជាមួយប្រទេសអារ៉ាប់មួយនេះ ខណៈមហាអំណាច លោកខាងលិចកំពុងព្យាយាមស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។

បើតាមលោក Isaac Herzog រូបលោកផ្ទាល់នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំអេមីរ៉ាតអារ៉ាប់រួម តាមការអញ្ជើញពីព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន ហ្សៃយ៉ីដ (Mohammed bin Zayed)។ ប្រធានាធិបតីអ៉ីស្រាអែលរូបនេះ បន្ថែមថាកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់គឺជា សារមួយសម្រាប់តំបន់ទាំងមូលថាសន្តិភាព គឺជាជម្រើសតែមួយគត់ចំពោះប្រជាជនក្នុងតំបន់។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២១, នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី បេនណិត (Naftali Bennett) ក៏ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ អេមីរ៉ាត់អារ៉ាប់រួមផងដែរ ក្រោយប្រទេសទាំង២ សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកាលពីឆ្នាំ២០២០ ក្រោមការសម្របសម្រួលរបស់អតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ៕