(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា បាននិយាយថាប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មីនៅឆ្នាំ២០២៤ នោះលោកនឹង លើកលែងទោសឱ្យកុបករទាំងអស់ ដែលត្រូវបានចោទប្រកាន់ពីទោសឧក្រិដ្ឋ ពាក់ព័ន្ធនឹងការវាយប្រហារវិមានសភា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។

លោក ដូណាល់ ត្រាំ ដែលមកទល់នឹងពេលនេះមិនទាន់ប្រកាសពីបំណងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាថ្មីម្ដងទៀត បន្ទាប់ពីចាញ់ការបោះឆ្នោតកាលពី ឆ្នាំ២០២០ ក្រោមថ្វីដៃលោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯពិធីជួបជុំអ្នកគាំទ្ររបស់លោក ក្នុងទីក្រុងខុនរ៉ូ (Conroe) នៃរដ្ឋតិចសាស់ (Texas) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ថ្លែងនាឱកាសនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះថា «ប្រសិនបើខ្ញុំសម្រេចចិត្តឈរឈ្មោះ ហើយជាប់ឆ្នោតម្ដងទៀត ខ្ញុំនឹងផ្ដល់យុត្តិធម៌ដល់អ្នកទាំង នោះ (កុបករថ្ងៃទី០៦ ខែមករា)។ យើងនឹងផ្ដល់យុត្តិធម៌ដល់ពួកគេ ហើយបើមានការតម្រូវឱ្យលើកលែងទោស នោះយើងនឹងផ្ដល់ការលើកលែងទោស ព្រោះ ពួកគេកំពុងរងអយុត្តិធម៌»

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ រាប់ពាន់នាក់បានសម្រុកចូលអុកឡុកវិមានសភា ដើម្បីរារាំងការប្រកាស ជ័យជម្នះរបស់លោក ចូ បៃដិន ដោយបង្កឱ្យមានអំពើហិង្សាផ្ដាច់ជីវិតមនុស្ស ៥នាក់ ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ រីឯមនុស្សច្រើនជាង ៧០០នាក់ ត្រូវបាន ចោទប្រកាន់ពីទោសឧក្រិដ្ឋ៕