<៊p>

(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ត្រូវធ្វើចត្តាឡីស័កខ្លួនឯង នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីលោកស្រីត្រូវបានគេ រាយការណ៍ថាបានប៉ះពាល់ជាមួយករណីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។

លោកស្រី Jacinda Ardern នឹងត្រូវធ្វើចត្តាឡីស័កខ្លួនឯង រហូតដល់ថ្ងៃអង្គារដើមសប្ដាហ៍ក្រោយ ហើយលោកស្រី ក៏បានទទួលការធ្វើតេស្ដរួចរាល់ហើយដែរ ក្រោយលោកស្រីប៉ះពាល់ជាមួយមនុស្សម្នាក់ដែលបានតេស្ដវិជ្ជមាន COVID-19។ ការធ្វើតេស្ដរបស់លោកស្រីអាចនឹងចេញលទ្ធផលយ៉ាងយូរ នៅថ្ងៃអាទិត្យនេះ ឬនៅថ្ងៃចន្ទស្អែកនេះ។

គួរបញ្ជាក់ថា នូវែលសេឡង់នៅថ្ងៃអាទិត្យនេះដែរ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១០៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ១៥,៩១០នាក់ ក្នុងនោះស្លាប់ ៥២នាក់៕