(ប្រាស៉ីលីយ៉ា)៖ អាជ្ញាធរនៃប្រទេសប្រេស៉ីលនៅថ្ងៃអាទិត្យ ទី៣០ ខែមករា បានឱ្យដឹងថា គ្រោះរអិលបាក់ដីនិងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋសៅប៉ូឡូ (Sao Paulo) បានឆក់យកជីវិតមនុស្សយ៉ាងហោច ១៩នាក់ គិតចាប់តាំងពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ដោយក្នុងនោះរួមមានទាំងកុមារ៧នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

បន្ថែមពីនេះ មនុស្ស៩នាក់ផ្សេងទៀត ក៏បានទទួលរងរបួស និង៤នាក់ក៏កំពុងបន្តបាត់ខ្លួនផងដែរ ស្របពេលដែលប្រជាជនប្រមាណ៥០០គ្រួសារ ត្រូវបាត់បង់ទីជម្រកនៅទូទាំងរដ្ឋ Sao Paulo។ លោក ហៅអូ ដូរីយ៉ា (Joao Doria) ដែលជាអភិបាលរដ្ឋ Sao Paulo បានជិះយន្តហោះ ដើម្បីត្រួតពិនិត្យតំបន់ជន់លិច ហើយបាននិយាយថា លោកបានអនុញ្ញាតឱ្យផ្តល់ជំនួយបន្ទាន់ស្មើនឹងទឹកប្រាក់ជិត២.៨លានដុល្លារអាមេរិក សម្រាប់ទីក្រុងនានាដែលរងការប៉ះពាល់។

ចំណែករដ្ឋាភិបាលសហព័ន្ធរបស់ប្រេស៉ីល បានឱ្យដឹងថា ខ្លួនកំពុងតែតាមដានស្ថានការណ៍នៅរដ្ឋ Sao Paulo។ ចាប់តាំងតែពីខែធ្នូ ឆ្នាំ២០២១មក ការធ្លាក់ភ្លៀងខ្លាំង បានបណ្តាលឱ្យមានការជន់លិចយ៉ាងអាក្រក់ៗ នៅតំបន់ភាគខាងកើតនៃ ប្រទេសប្រេស៉ីល៕