(ដាម៉ាស់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសស៉ីរី នៅថ្ងៃចន្ទនេះបានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ស៉ីរី បានបាញ់ស្ទាក់ក្រុមមីស៉ីលរបស់ប្រទេសអ៉ីស្រាអែល ដែលមានគោលដៅមកលើបរិវេណនៃរដ្ឋធានីដាម៉ាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Haaretz នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២១។

ដោយផ្អែកលើប្រភពពីខាងយោធាស៉ីរី ប្រព័ន្ធផ្សព្វផ្សាយដដែល បានអះអាងថា ដោយសារតែការស្ទាក់មីស៉ីលនោះ គឺសំណង់អគារនិងសម្ភារៈមួយចំនួនតូចប៉ុណ្ណោះ ដែលបានទទួលរងការខូចខាត ហើយមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ វាគឺជាការវាយប្រហារមីស៉ីលលើកទីមួយ ហើយរបស់អ៉ីស្រាអែល ទៅលើប្រទេសស៉ីរីក្នុងឆ្នាំ២០២២នេះ ខណៈកាលពីក្នុងឆ្នាំ២០២១ អ៉ីស្រាអែលបានបើកការវាយប្រហារសរុបចំនួន ២៩លើកទៅលើស៉ីរី។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានយកវត្តមានកងជីវពលដែលគាំទ្រដោយអ៉ីរ៉ង់ ធ្វើជាហេតុផលសម្រាប់ការវាយប្រហាររបស់ខ្លួន ទៅលើមូលដ្ឋាន ក៏ដូចជាខ្លាំងសព្វាវុធនៅក្នុងប្រទេសស៉ីរី។ ពាក់ព័ន្ធស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា ក្នុងថ្ងៃដដែលនេះ អេមីរ៉ាត់អារ៉ាប់រួម ក៏បានបាញ់ស្ទាក់មីស៉ីល ដែលបាញ់ដោយក្រុមឧទ្ទាមហ៊ូទីនៅឯប្រទេសយេម៉ែនផងដែរ ខណៈវាគឺជាការវាយប្រហារលើកទី៣ហើយ ក្នុងកំលុងពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ៕