(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឲ្យ អាជ្ញាធរតាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ធ្វើការដោះលែងវិស្វករស៊ីវិលជនជាតិអាមេរិកម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពី ២ឆ្នាំមុន ហើយទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា វិស្វកររូបនោះកំពុងស្ថិតនៅ ជាចំណាប់ខ្មាំងរបស់ក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

ជនជាតិអាមេរិកាំងខាងលើនេះមានឈ្មោះថា ម៉ាក ហ្វ្រេរិចស៍ (Mark Frerichs) អាយុ ៥៩ឆ្នាំ ជាមន្ត្រីទ័ពជើងទឹកចូលនិវត្តន៍មកពីរដ្ឋ អ៊ីលលីណយស៍ (Illinois) និងបានបម្រើការងារជាវិស្វករស៊ីវិល នៅក្នុងគម្រោងអភិវឌ្ឍនានានៅអាហ្វហ្គានីស្ថាន អស់រយៈពេល ១ទសវត្សរ៍ មុននឹងលោកត្រូវបានចាប់ខ្លួន កាលពីដើមឆ្នាំ២០២០។

នៅថ្ងៃចន្ទសប្តាហ៍នេះ គឺជាពេលគម្រប់ ២ឆ្នាំហើយ ដែលលោក Mark Frerichs ត្រូវបានចាប់ខ្លួន។ ជុំវិញបញ្ហានេះ លោក ចូ បៃដិន បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ថា «ការគំរាមកំហែងដល់សុវត្ថិភាពរបស់ជនជាតិអាមេរិក ឬជនស៊ីវិលស្លូតត្រង់នានា គឺតែងតែជារឿងដែលមិនអាចទទួលយកបាន ហើយការចាប់មនុស្សជាចំណាប់ខ្មាំង គឺជាសកម្មភាពដ៏ឃោរឃៅ និងកំសាក។ តាលីបងត្រូវតែដោះលែងលោក Mark ជាបន្ទាន់... រឿងនេះ មិនអាចមានការចរចាឡើយ»

គួរបញ្ជាក់ថា លោក Mark ត្រូវបានចាប់ខ្លួន នៅរយៈពេល ១ខែមុនការចុះហត្ថលេខាដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។ សម្រាប់ការជំរុញរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមគ្រួសារលោក Mark បានរិះគន់រដ្ឋបាលរបស់លោក អំពីភាពយឺតយ៉ាវ និងលំបាក ក្នុងស្វែងរកសិទ្ធិសេរីភាពឲ្យលោក Mark។ ដោយឡែកក្រុមតាលីបង់វិញ នៅមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការអំពាវនាវខាងលើនេះឡើយ៕