(វ៉ាស៊ីនតោន)៖ ព្យុះព្រិលបានបោកបក់ ទៅគ្របសង្កត់លើបណ្តារដ្ឋជាប់ឆ្នេរសមុទ្រ ភាគខាងកើតនៃសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុននេះ (ពេលវេលានៅអាមេរិក) ដោយបានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ ក្នុងនោះ ៣នាក់នៅលើកោះ ឡុង (Long Island) និងម្នាក់ទៀតនៅតំបន់ យូនៀនដាល (Uniondale) នៃរដ្ឋញូយ៉ក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

ព្យុះព្រិលបានបោកបក់ ទៅលើរដ្ឋយ៉ាងហោចណាស់ចំនួន ៩ នៅភាគខាងកើតសហរដ្ឋអាមេរិក ប៉ុន្តែមានតែរដ្ឋ ញូយ៉ក មួយប៉ុណ្ណោះ ដែលបានរាយការណ៍ថាមានមនុស្សស្លាប់។ ដោយឡែកគិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី៣០ ខែមករា លំនៅឋានប្រមាណជាង ១១,០០០ខ្នង នៅក្នុងរដ្ឋ ម៉ាស្សាជូសេតស៍ (Massachusetts) ពុំមានអគ្គិសនីប្រើប្រាស់។

គួរបញ្ជាក់ថា ក្រៅពីបានបង្កឲ្យមនុស្សស្លាប់ និងដាច់ចរន្តអគ្គិសនី ព្យុះព្រិលខាងលើនេះ ក៏បានបង្ខំឲ្យជើងហោះហើរជិត ១,៥០០ជើង ត្រូវលុបចោល និងជាង ២,៦០០ជើងទៀត ត្រូវពន្យារពេលផងដែរ៕