(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងបើកកិច្ចប្រជុំនាថ្ងៃចន្ទសប្តាហ៍នេះ ជាលើកដំបូងគិតចាប់តាំងពី ភាពតានតឹងពាក់ព័ន្ធអ៊ុយក្រែន និងរុស្ស៉ីបានកើនឡើងកម្តៅខ្លាំង ហើយភាគីសំខាន់ៗ នឹងត្រូវតទល់គ្នាក្នុងឱកាសនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

ការប្រមូលផ្តុំកម្លាំងទ័ពប្រមាណជា ១០០,០០០នាក់ របស់ប្រទេសរុស្ស៉ី នៅតាមក្បែរព្រំប្រទល់ជាមួយអ៊ុយក្រែន បានញ៉ាំងឱ្យមានប្រតិកម្ម និងការព្រមានធ្ងន់ៗពី ក្រុមប្រទេសលោកខាងលិចថា ទីក្រុងម៉ូស្គូមានបំណងចូលឈ្លានពានអ៊ុយក្រែន។ ខាងរុស្ស៉ីបានច្រានចោល ពាក្យចោទប្រកាន់នេះ ប៉ុន្តែទាមទារឱ្យអង្គការ NATO សន្យាកុំទទួលអ៊ុយក្រែនឱ្យចូលជាសមាជិកដាច់ខាត ព្រមទាំងបញ្ឈប់ការដាក់ពង្រាយសព្វាវុធ និងកងទ័ពនៅតំបន់អឺរ៉ុបខាងកើត។ យ៉ាងណាក្តី ខាង NATO និងសហរដ្ឋអាមេរិក បានបដិសេធចំពោះការទាមទារទាំងនេះ។

គួរបញ្ជាក់ថា កំលុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាសន្តិសុខ UN ជាដំបូង នឹងត្រូវទទួលជ្រាបការផ្តល់របាយការណ៍ ពីសំណាក់មន្រ្តីជាន់ខ្ពស់របស់ UN ហើយបន្ទាប់មកទៀតគឺ សេចក្តីថ្លែងការណ៍របស់សមាជិកទាំង១៥ រួមមានទាំងរុស្ស៉ី សហរដ្ឋអាមេរិក ព្រមទាំងសមាជិកសហភាពអឺរ៉ុប ដូចជាបារាំង និងចក្រភពអង់គ្លេស ជាដើម។ នៅក្រោមគោលការណ៍របស់ UNSC អ៊ុយក្រែនក៏នឹងត្រូវឡើងនិយាយ ជុំវិញបញ្ហានេះផងដែរ៕