(តូក្យូ)៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្រេចលុបចោលគម្រោងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) ទៅកាន់ ប្រទេសជប៉ុន នៅខែកុម្ភៈខាងមុខនេះ ដោយសារតែភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងរឿងអាស្រូវ ដែលគេចោទប្រកាន់រូបលោកថាបានចូលរួមក្នុង ពិធីជប់លៀងមួយ ដោយបំពានវិធានការបិទខ្ទប់ប្រឆាំង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Kyodo ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីរដ្ឋាភិបាលជប៉ុន ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ។ ក្រុមមន្ត្រីទាំងនេះបាននិយាយថាទីក្រុងតូក្យូ និងទីក្រុងឡុងដ៍ បានរៀបចំដំណើរទស្សនកិច្ចរបស់លោក បូរីស ចនសុន នៅពាក់កណ្ដាលខែកុម្ភៈ ខាងមុខនេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida)។ ប៉ុន្តែ ខាងរដ្ឋាភិបាលចក្រភពអង់គ្លេស បានលុបចោលគម្រោងនេះទៅវិញ។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទនេះ ប្រធានខុទ្ទការល័យរដ្ឋាភិបាលជប៉ុន លោក ហ៊ីរុកាហ្សូ ម៉ាតស៊ូណុ (Hirokazu Matsuno) បានច្រានចោលព័ត៌មានខាងលើ ដោយបញ្ជាក់ថាគ្មានឡើយគម្រោងបំពេញទស្សនកិច្ចរបស់លោក ចនសុន មកកាន់ប្រទេសជប៉ុន៕