(រ៉ូម)៖ ប្រទេសអ៊ីតាលីបានបោះជំហានមួយទៀតឆ្ពោះទៅរកភាពប្រក្រតីនៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈនេះ ជាមួយនឹងការបើកក្លឹបរាត្រីឡើងវិញ និងការបញ្ចប់លក្ខខណ្ឌតម្រូវឱ្យពាក់ម៉ាស់នៅខាងក្រៅ ដោយសារចំនួនករណីឆ្លងកូវីដ១៩ បានធូរស្រាល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។

ទោះជាយ៉ាងណា ការពាក់ម៉ាស់នៅតែត្រូវបានទាមទារនៅក្នុងតំបន់មមាញឹកមនុស្សច្រើន និងកន្លែងសាធារណៈដែលបិទជិត។

គួរបញ្ជាក់ថា ប្រទេសអ៊ីតាលីបានកត់ត្រាករណីវិជ្ជមានប្រចាំថ្ងៃច្រើនជាង ២២០,០០០ករណីនៅដើមខែមករាកន្លងទៅ ប៉ុន្តែចំនួនបានធ្លាក់ចុះជាងពាក់កណ្តាលមកវិញ នេះបើយោងតាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាល។

បើតាមគេហទំព័រ Worldometer បានឲ្យដឹងថា រហូតមកទល់ពេលនេះមាន ១១,៩២៣,៦៣១ករណី ក្នុងនោះស្លាប់ ១៥០,២២១នាក់ និងជាសះស្បើយ១១,០២១,៦៣៣នាក់៕