(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានការណ៍ និងសញ្ញាជាច្រើនពាក់ព័ន្ធនឹងសកម្មភាពរបស់រុស្ស៊ីដែល ត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយសព្វាវុធ និងកងទ័ពច្រើនជាង ១សែននាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយចំនួនកងទ័ពនេះបានកើនឡើង ជាលំដាប់។ ក្រុមមន្ត្រីអាមេរិកបានព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈនេះ បើទោះជាទីក្រុងម៉ូស្គូបានច្រានចោល ការចោទប្រកាន់បែបនេះក៏ដោយ។

ក្រុមមន្ត្រីអាមេរិក បាននិយាយថាពួកគេកំពុងតាមដានសកម្មភាពរបស់រុស្ស៊ី រាប់ចាប់ពីការវាយប្រហារព័ត៌មានវិទ្យា រហូតដល់សកម្មភាពយោធា ហើយក្នុងនោះ ទៀតសោត មិនមែនឃ្លាំមើលតែទៅលើសកម្មភាពកងទ័ពប៉ុណ្ណោះទេ តែក៏តាមមើលផងដែរការចល័តសព្វាវុធ ជាពិសេសគឺ រថក្រោះដែលអាចនឹងកា្លយជាអាវុធ ដ៏សំខាន់បំផុត ប្រសិនបើទីក្រុងម៉ូស្គូ សម្រេចចិត្តថាត្រូវឈ្លានពានអ៊ុយក្រែន។ ម្លោះហើយតើមានសញ្ញាអ្វីដែលខ្លះ ទើបអាមេរិកនៅតែព្រមានពីលទ្ធភាពដែល រុស្ស៊ីអាចនឹងឈ្លានពានចូលអ៊ុយក្រែន?

*ការឈ្លានពានអាចនឹងកើតឡើងគ្រប់ពេលវេលា

មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន កាលពីពេលថ្មីៗនេះបានអះអាងថារុស្ស៊ីអាចនឹងឈ្លានពានចូលអ៊ុយក្រែ ន គ្រប់ពេលវេលា នៅប៉ុន្មានថ្ងៃ ឬនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ខណៈទីក្រុងម៉ូស្គូ នៅតែបន្តបង្កើនចំនួនកងទ័ព និងសព្វាវុធនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ ក្រុមមន្ត្រីរុស្ស៊ីបានច្រានចោល ការចោទប្រកាន់បែបនេះ និងបានចោទសហរដ្ឋអាមេរិក រួមទាំងលោកខាងលិចវិញថាជាអ្នកបង្កឱ្យមានភាពតានតឹងដូចសព្វថ្ងៃ។

សេតវិមានកាលពីថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តគម្រោងបញ្ជូនកងទ័ពជិត ២,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយជម្លៀសពលរដ្ឋអាមេរិក ដែលចង់ចាក ចេញពីអ៊ុយក្រែន នៅក្នុងករណីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន។ បច្ចុប្បន្ន កងទ័ពអាមេរិកមិនត្រូវបានអនុញ្ញាតឱ្យចូលជួយអ៊ុយក្រែននោះទេ ហើយក៏ មិនទាន់មានផែនការជម្លៀសមនុស្ស ដូចដែលអាមេរិកធ្លាប់បានធ្វើនៅអាហ្វហ្កានីស្ថាននោះដែរ។ ក្រុមមន្ត្រីអាមេរិកកំពុងតាមដានសញ្ញាសំខាន់ៗមួយចំនួនដែល អាចបញ្ជាក់ថារុស្ស៊ីនឹងប្រើកម្លាំងយោធា ក្នុងនោះរួមមានសកម្មភាពរបស់រថក្រោះ, កាំភ្លើងធំ និងសកម្មភាពកងទ័ពរុស្ស៊ីដែលកំពុងធ្វើសមយុទ្ធយោធា។
អាកាសធាតុនៅក្នុងប្រទេសអ៊ុយក្រែន ក៏ត្រូវបានកំណត់ជាកត្តាសំខាន់មួយផងដែរ ពោលគឺបើតាមការវាយតម្លៃ ស៊ីតុណ្ហភាពត្រជាក់ខ្លាំង និងផ្ទៃដីក្លាយជាផ្ទាំង ទឹកកក វានឹងជួយសម្រួលដល់ការធ្វើសកម្មភាពយោធារបស់រុស្ស៊ី។

*ការវាយប្រហារព័ត៌មានវិទ្យា

ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានបញ្ជាក់ថារុស្ស៊ីអាចនឹងដឹកនាំការវាយប្រហារព័ត៌មានវិទ្យាជាមុន នឹងប្រើប្រាស់កម្លាំងយោធាឈ្លានពានអ៊ុយក្រែន។ កាលពី
ខែមករាកន្លងទៅ គេហទំព័រជាច្រើនរបស់រដ្ឋាភិបាលអ៊ុយក្រែន បានរងការវាយប្រហារព័ត៌មានវិទ្យាដែលពួកគេសង្ស័យថាជាស្នាដៃរបស់រុស្ស៊ី។

បើតាមក្រុមមន្ត្រីអាមេរិក ពួកគេកំពុងតាមដានរាល់សញ្ញាជាច្រើននៃការវាយប្រហារព័ត៌មានវិទ្យាលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន ហើយកំពុងធ្វើការទំនាក់ទំនងជាមួយក្រុមមន្ត្រអ៊ុយក្រែន លើបញ្ហាទាំងនេះ ខណៈមានការព្រួយបារម្ភថារុស្ស៊ីអាចនឹងវាយប្រហារព័ត៌មានវិទ្យាដើម្បីវាយបំបាក់
ទំនុកចិត្តរបស់ប្រជាជនអ៊ុយក្រែនចំពោះរដ្ឋាភិបាលរបស់ពួកគេ។

ចាប់តាំងពីរុស្ស៊ីបានក្រសោបយកតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤មក ក្រុម Hacker រុស្ស៊ីត្រូវបានគេចោទប្រកាន់ថាបានដឹកនាំការវាយប្រហារព័ត៌មានវិទ្យាជាច្រើន លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងនោះរួមមានទាំងការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីនៅតាមផ្នែកជាច្រើននៃប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៥ និង២០១៦។ តែ ការចោទប្រកាន់បែបនេះត្រូវបានរុស្ស៊ីបដិសេធ៕

ប្រភព៖ CNN (ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២)