(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា លោកកំពុងមានគម្រោងតែងតាំងលោក ហ្វីលីព ហ្គោលដ៍ប៊ឺក (Philip Goldberg) ឲ្យធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Philip Goldberg ត្រូវបានគេដឹងថា ជាមន្ត្រីប្រកបដោយបទពិសោធន៍ខ្ពស់មួយរូប ដែលធ្លាប់កាន់ដំណែងជា អគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសកូឡុំប៊ី និងក្រោយមកទៀត គឺនៅប្រទេសគុយបា, ហ្វីលីពីន និងបូលីវីផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺលោកធ្លាប់បំពេញតួនាទីជាអ្នកសម្រសម្រួល នៃអង្គការសហប្រជាជាតិ ក្នុងការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ កាលពីឆ្នាំ២០០៩-២០១០។

កាលពីខែមុននេះ ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏ធ្លាប់បានចេញផ្សាយអំពីលទ្ធភាព ដែលលោក Philip Goldberg អាចនឹងត្រូវតែងតាំងជាអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ បេសកកម្មការទូតរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានស្ថិតនៅត្រឹមកម្រិតភារធារីអស់រយៈពេលជាង ១ឆ្នាំមកហើយ គិតចាប់តាំងពីលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដែលកាលណោះ អតីតឧត្តមនាវីឯក ហារី ហារីស (Harry Harris) បានប្រកាសលាលែងចេញពីតំណែងនេះ។

គួរបញ្ជាក់ថា ថ្វីត្បិតតែប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តែងតែធានាអះអាងអំពីសម្ព័ន្ធភាព រឹងដូចដែកថែបក៏ពិតមែន តែទណ្ឌកម្មនានាដែលត្រូវបានដាក់ ទៅលើប្រទេសកូរ៉េខាងជើង ក៏បានបង្កភាពចម្រូងចម្រាសដល់ រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ដែលត្រូវបានគេមើលឃើញថា ចង់ផ្សាភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចបន្ថែម ជាមួយប្រទេសកូរ៉េខាងជើងនោះផងដែរ៕