(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើការព្រមានជាថ្មីថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ពក្នុងចំនួនគ្រប់គ្រាន់ ដែលអាចបើកការឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនទាំងអស់ ចាកចេញពីទឹកដីអ៊ុយក្រែន នៅក្នុងរយៈពេល ៤៨ម៉ោងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

ទីប្រឹក្សាសន្តិសុខជាតិប្រចាំនៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន លោក ចេក សាល់លីវែន (Jake Sullivan) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃសុក្រសប្តាហ៍នេះថា «ការវាយប្រហារមួយដោយរុស្ស៊ី នឹងអាចចាប់ផ្តើមនៅថ្ងៃណាមួយ ហើយវានឹងចាប់ផ្តើមដោយ ការវាយប្រហារតាមផ្លូវអាកាស ខណៈដែលការវាយសម្រុកយ៉ាងលឿន សំដៅទៅរករដ្ឋធានីកៀវ ក៏អាចនឹងទៅរួចផងដែរ»

បើតាមលោក Jake Sullivan, គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក ត្រៀមបើកការវាយប្រហារ ទៅលើអ៊ុយក្រែនហើយឬនៅនោះ។ យ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងហៅទូរស័ព្ទដោយផ្ទាល់ទៅកាន់លោក ពូទីន ក្នុងពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាគ្នាអំពីវិបត្តិនេះ៕