(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ បានប្តេជ្ញាថានឹងបង្វែរធនធានការទូតនិងសន្តិសុខឱ្យខ្លាំងថែមទៀត ទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដើម្បីប្រឆាំងទប់ទល់នូវអ្វីដែលខ្លួនចាត់ទុកជា ការពង្រីកឥទ្ធិពលរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោនបានបញ្ជាក់ ក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួនថា សហរដ្ឋអាមេរិកនឹងផ្តោតទៅលើគ្រប់ជ្រុងជ្រោយទាំងអស់ នៃតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចាប់តាំងពីអាស៉ីខាងត្បូង រហូតដល់ដែនកោះប៉ាស៉ីហ្វិក ដើម្បីពង្រឹងជំហរនិងការប្តេជ្ញាចិត្តរយៈពេលវែង ខណៈដែលចិនកំពុងតែប្រមូលផ្តុំអានុភាពចម្រុះវិស័យ រួមមានសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យា ដើម្បីព្យាយាមបង្កើតដែនឥទ្ធិពល នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិល ហើយឆ្ពោះទៅក្លាយជា មហាអំណាចដែលមានឥទ្ធិពលបំផុតលើពិភពលោក។

គួរបញ្ជាក់ថា ការប្រកាសពីការប្តេជ្ញាខាងលើរបស់អាមេរិក កើតឡើងចំពេលដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន (Antony Blinken) នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលមានគោលដៅសង្កត់ធ្ងន់ពីការផ្តល់អាទិភាពចម្បងមួយរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះតំបន់ដ៏សំខាន់នេះ ទោះបីជាអាមេរិកកំពុងប្រឈមមុខជាមួយរុស្ស៉ី ជុំវិញបញ្ហាអ៊ុយក្រែនក៏ដោយ។ វាក៏បានកើតឡើងបន្ទាប់ពីចិននិងរុស្ស៉ី កាលពីសប្តាហ៍មុន ទើបតែបានប្រកាសពីភាពជាដៃគូយុទ្ធសាស្រ្តគ្មានដែនកំណត់ផងដែរ៕