(ណៃពិដោ)៖ របបយោធាមីយ៉ាន់ម៉ាបានប្រកាស នៅថ្ងៃសៅរ៍នេះថា ខ្លួននឹងដោះលែងអ្នកទោសជាង ៨០០នាក់ នៅក្នុងកម្មវិធីលើកលែងទោសមួយ ដើម្បីអបអរទិវាសហភាព (Union Day) របស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នារសៀលថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ ប្រមុខដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោក មីន អោង ឡាំង (Min Aung Hlaing) បាននិយាយថា យោងតាមដីកាលើកលែងទោស ក្នុង ឱកាសនៃការប្រារព្ធ «ទិវាសហភាព» ដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃទី១២ ខែកុម្ភៈ, អ្នកទោសសរុបចំនួន ៨១៤នាក់ នឹងត្រូវទទួលការដោះលែងនៅថ្ងៃនេះ។

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក ហ្សរ មីន ថាន់ (Zaw Min Tun) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកដែលទទួលបានការលើកលែងទោសទាំងនោះ ភាគច្រើនមកពីពន្ធនាគារក្នុងទីក្រុងរ៉ង់ហ្គូន។ គួររំលឹកថា កាលពីការប្រារព្ធទិវាសហភាព នៅក្នុងឆ្នាំ២០២១ របបយោធាមីយ៉ាន់ម៉ា ក៏បានធ្វើការដោះលែងអ្នកទោសសរុប ២៣,០០០នាក់ផងដែរ៕