(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាសញ្ញាទាំងឡាយដែលកំពុងកើតឡើងបានបង្ហាញ ថារុស្ស៊ីពិតជាកំពុងត្រៀមបើកការវាយប្រហារលើអ៊ុយក្រែន បើទោះជាទីក្រុងម៉ូស្គូបានបដិសេធថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើ ប្រទេសណាមួយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Antony Blinken ធ្វើការកត់សម្គាល់ខាងលើនៅក្នុងតំបន់សម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Blinken បានបញ្ជាក់ដូច្នេះថា «អ្វីដែលយើងកំពុងមើលឃើញ គឺបង្ហាញថារុស្ស៊ីអាចនឹងបើកការឈ្លានពាន។ ប៉ុន្តែយើងនឹងធ្វើអ្វីៗគ្រប់ៗយ៉ាងដើម្បីរារាំងកុំឱ្យវាកើតឡើង...ហើយយើងនឹងប្រើគ្រប់ឱកាសទាំងអស់ដើម្បីសាកល្បង ថាតើដំណោះស្រាយការទូត អាចរារាំងកុំឱ្យលោកប្រធានាធិបតី ពូទីន បោះជំហាននេះទៅមុខបានដែរ ឬក៏យ៉ាងណា»

គួរបញ្ជាក់ថា បើតាមលោក Antony Blinken, លោកផ្ទាល់នៅតែមានផែនការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅក្នុងសប្ដាហ៍នេះ ដរាបណាទីក្រុងម៉ូស្គូ មិនវាយប្រហារលើអ៊ុយក្រែនទេនោះ៕