(វ៉ាស៊ីនតោន)៖ រូបភាពថ្មីៗពីផ្កាយរណបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ម៉ាសារ (MAXAR) បានបង្ហាញឲ្យឃើញថា រុស្ស៊ីទើបធ្វើការដាក់ពង្រាយរថពាសដែក និងកងទ័ពបន្ថែមទៀត នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែន ដែលស្របពេលនឹងការព្រមានពី រដ្ឋមន្ត្រីការបរទេសអាមេរិកថា កងទ័ពរុស្ស៊ីពិតជាកំពុងត្រៀម ក្នុងការឈ្លានអ៊ុយក្រែនក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

សកម្មភាពថ្មីៗខាងលើនេះ បានកើតមានឡើងខណៈដែលរុស្ស៊ី និងបេឡារុស បានប្រកាសអំពីផែនការ បន្តការធ្វើសមយុទ្ធយោធាទៅមុខទៀត បន្ទាប់ពីវគ្គមុនត្រូវបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ស្ថិតក្នុងគោលដៅត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងសកម្មភាពយោធាបរទេស នៅកៀកតំបន់ព្រំដែនប្រទេសរុស្ស៊ី និងបេឡារុស ព្រមទាំងស្ថានការណ៍នៅតំបន់ ដុនបាស (Donass) នៃភាគខាងកើតអ៊ុយក្រែនផងដែរ។

ក្រុមហ៊ុន MAXAR បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) ថា «សកម្មភាពទាំងនេះ បានបង្ហាញអំពីការផ្លាស់ប្តូរថ្មីមួយ ទៅនឹងរូបភាពដែលត្រូវបានផ្តិតកាលពីលើកមុន ទៅលើការដាក់ពង្រាយកងទ័ពប្រយុទ្ធ (របស់រុស្ស៊ី)»។ បើតាមការពិនិត្យមើលជាក់ស្តែង រូបភាពរបស់ MAXAR បានបង្ហាញអំពីការដាក់ពង្រាយ រថក្រោះ, រថពាសដែកសម្រាប់ដឹកយោធា, កាំភ្លើង និងគ្រឿងសព្វាវុធបន្ទាប់បន្សំដទៃទៀត។

ផ្កាយរណបរបស់ MAXAR បានចាប់ផ្តើមផ្តិតរូបភាពថ្មីៗទៀត តាំងតែពីថ្ងៃទី១៣ ខែកុម្ភៈ ទៅលើតំបន់យោធភូមិភាគ សូឡូទី (Soloti) របស់រុស្ស៊ី ហើយប្រៀបធៀបជាមួយនឹងរូបភាពថ្មីៗ កាលពីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ គេបានគេឃើញសញ្ញានៃការចល័តរថពាសដែក និងសព្វាវុធចេញពីតំបន់នេះ ទៅកាន់ទីក្រុង វ៉ាលុយគី (Valuyki) ដែលមានចម្ងាយតែ ១៥គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអ៊ុយក្រែន និងទីក្រុងរបស់រុស្ស៊ីមួយទៀតឈ្មោះ ប៊ែលហ្គ័ររ៉ូដ (Belgorod)។

បើតាមលោក ស្ទេហ្វិន វូដ (Stephen) នាយកជាន់ខ្ពស់នៃការិយាល័យព័ត៌មាន របស់ក្រុមហ៊ុន MAXAR បានអះអាងថា យោងទៅលើការតាមដានស្ថានភាពជារួម និងដានលើវាលព្រិលដូចមាននៅក្នុងរូបភាព គេអាចសន្និដ្ឋបានថា វាទើបតែបានកើតមានឡើង កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ លោក វូដ បានថ្លែងយ៉ាងដូច្នេះទៀតថា «សម្រាប់ខ្ញុំផ្ទាល់ វាជាសញ្ញាបង្ហាញបង្ហាញអំពីការប្រុងជើងការ (របស់រុស្ស៊ី) ដែលទើបត្រូវបានបង្កើន»