(ស៊ីដនី)៖ ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះ បានបើកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញទាំងស្រុង ដើម្បីទទួលស្វាគមន៍អ្នកដំណើរ និងភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ បន្ទាប់ពីបានបិទព្រំដែនជិត ២ឆ្នាំមកនេះ ដោយសារតែ COVID-19។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ជើងហោះហើរអន្តរជាតិច្រើនជាង ៥០ជើង នឹងធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលីពេញមួយថ្ងៃចន្ទនេះ ក្នុងនោះរួមមានទាំងជើងហោះហើរ ចំនួន ២៧ ដែលនឹងត្រូវចុះចតនៅឯទីក្រុងស៊ីដនី ខណៈវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចកំពុងងើបឡើងវិញ ក្រោយរងការខាតបង់ សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបង្កឡើងដោយវិធានការរឹតត្បិតប្រឆាំង COVID-19 ។

គួរបញ្ជាក់ថា ភ្ញៀវទេសចរចាប់ផ្ដើមធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីជាបណ្ដើរៗហើយ រីឯមនុស្សរាប់រយនាក់ក៏បានជួបជុំគ្រួសារ និងមិត្តភក្តិរបស់ពួកគេដែរ។ វិស័យទេសចរណ៍ គឺជាប្រភពចំណូលមួយដ៏សំខាន់ដោយមានទំហំទឹកប្រាក់ប្រហែល ៤៣ពាន់លានដុល្លារ និងបង្កើតការងារ ៥ភាគរយនៃការងារទាំងអស់នៅក្នុងប្រទេស៕