(ប៉េកាំង)៖ ថ្ងៃទី២០ ខែកុម្ភៈ មុននឹងពិធីបិទបញ្ចប់ការប្រកួត កីឡាអូឡាំពិករដូវរងាប៉េកាំង លោក Bach ប្រធាននៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាថ្មីម្តងទៀតនៅក្រុងប៉េកាំង។

លោក Bach បានលើកឡើងអំពីអត្ថន័យប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអូឡាំពិករដូវរងាប៉េកាំងថា កីឡារដូវរងានឹងអាចអភិវឌ្ឍន៍យ៉ាងខ្លាំង បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ព្រោះនៅប្រទេសចិន មានប្រជាជនចំនួនលើសពី ៣០០លាននាក់ បានចូលរួមលេងកីឡាព្រិលទឹកកក។ ក្នុងអំឡុងពេលប្រកួតលើកនេះ អត្តពលិកអន្តរជាតិបានបង្ហាញឱ្យយើងទាំងអស់នូវមិត្តភាព ការយោគយល់គ្នា និងសន្តិភាព ដែលបានបង្ហាញម្តងទៀតថា កីឡាអូឡាំពិកអាចលើសពីជម្លោះនយោបាយ។ បច្ចុប្បន្ន យុវជនកាន់តែច្រើនឡើងៗ បានយល់ដឹងពីគុណតម្លៃនៃកីឡា ពោលគឺ សាមគ្គី គោរពបទប្បញ្ញត្តិ ស្មារតីក្រុម។ លើសពីនេះទៅទៀត យើងបានប៉ានប្រមាណថា ទំហំទីផ្សារកីឡារដូវរងារបស់ចិនអាចនឹងកើនដល់ ១៥០,០០០លានដុល្លារអាមេរិកនៅឆ្នាំ២០២៥។ ប្រទេសចិននឹងជំរុញយ៉ាងខ្លាំងដល់ឧស្សាហកម្ម និងកីឡារដូវរងាពិភពលោក ដើម្បីរួមគ្នាឱ្យកីឡារដូវរងាអភិវឌ្ឍជានិរន្តរភាព។

គួររំលឹកថា គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ការផ្សព្វផ្សាយតាមពហុវេទិកាអំពីការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនទទួលបាន ការចូលទស្សនាចំនួនលើសពី ៤៨,៤៧៤លានដង ពោលគឺច្រើនជាងចំនួនចូលទស្សនាសរុប នៃការប្រកួតអូឡាំពិករដូវក្តៅក្រុងតូក្យូ ដែលមានចំនួន ៤៧,៩០៥លានដង។

ចំពោះស្ថិតិនេះ លោក Bach បានសរសើរថា ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិករដូវរងាលើកនេះ គឺមានទ្រង់ទ្រាយធំ និងភាពជោគជ័យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបានរួមចំណែកខ្លាំងក្នុងការផ្សាយស្មារតី និងគុណតម្លៃអូឡាំពិកឱ្យកាន់តែទូលំទូលាយ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ សូមកោតសរសើរជាខ្លាំង៕