(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឯកភាពជាគោលការណ៍ថានឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដរាបណាទីក្រុងម៉ូស្គូ មិនប្រើកម្លាំងយោធាវាយអ៊ុយក្រែន។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី (Jen Psaki ) បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តបន្តស្វែងរកដំណោះស្រាយការទូត រហូតទាល់តែដល់វិនាទីចុងក្រោយ... ហើយលោកប្រធានាធិបតី បៃដិន បានទទួលយកគោលការណ៍មួយ ដោយនឹងជួបជាមួយលោកប្រធានាធិបតី ពូទីន ប្រសិនបើរុស្ស៊ី មិនឈ្លានពានអ៊ុយក្រែន»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ, រុស្ស៊ីនៅតែបដិសេធថាខ្លួនមិនមានផែនការប្រើកម្លាំងយោធាវាយប្រហារលើប្រទេសណាមួយនោះទេ ប៉ុន្តែបណ្ដាប្រទេសលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិកបន្តចោទប្រកាន់ថារុស្ស៊ីអាចនឹងឈ្លានពានអ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខ៕