(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែងថា ករណីដែលនាវាយោធាចិនមួយគ្រឿង បានបាញ់កាំរស្មីឡាស៊ែរ (laser) ដាក់យន្តហោះយោធាអូស្ត្រាលីនោះ គឺទំនងជាអាចត្រូវបានមើលឃើញ ពីទឹកដីរបស់អូស្ត្រាលីផ្ទាល់ ហើយទីក្រុងកង់បេរ៉ាកំពុងទាមទារឲ្យមាន «ការស៊ើបអង្កេតដ៏ពេញលេញ» ទៅលើឧប្បត្តិហេតុនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

នៅថ្ងៃចន្ទនេះ លោក Scott Morrison បានប្រាប់វិទ្យុអូស្ត្រាលីថា រដ្ឋាភិបាលរបស់លោកមិនទាន់បានទទួល ការពន្យល់ណាមួយពីសំណាក់ភាគីចិន ជុំវិញឧប្បត្តិហេតុដែលបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះឡើយ ខណៈទីក្រុងកង់បេរ៉ាបានចាត់ទុកថា វាជាទង្វើប្រកបដោយភាពគ្រោះថ្នាក់ និងគ្មានភាពទទួលខុសត្រូវ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison ក៏បានចោទទីក្រុងប៉េកាំង អំពីការបង្កសកម្មភាពបំភិតបំភ័យ បន្ទាប់ពីនាវាយោធារបស់ចិន បានប្រើកាំរស្មីឡាស៊ែរតម្រង់ទៅលើ យន្តហោះល្បាតដែនសមុទ្រ របស់យោធាអូស្រ្តាលីផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិអូស្រ្តាលី យន្តហោះល្បាតដែនសមុទ្ររបស់អូស្រ្តាលីធុន P-8A Poseidon (ផូសីដុន) បានទទួលរងការបាញ់កាំរស្មីឡាំស៊ែរនោះ៕