(ឡាអេ)៖ យោធាមីយ៉ាន់ម៉ាកំពុងរៀបចំ ដើម្បីជំនួសតួនាទីរបស់លោកស្រី អោង សាន ស៊ូ ជី នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបន្តការច្រានចោលពាក្យចោទប្រកាន់នានា ជុំវិញអំពើប្រល័យពូជសាសន៍ លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ដែលបានរត់ភៀសខ្លួន ចេញពីអំពើហិង្សានៅរដ្ឋភាគខាងលិចមីយ៉ាន់ម៉ា ទៅជ្រកកោណជាបណ្តោះអាសន្ន នៅលើទឹកដីប្រទេសបង់ក្លាដែស ចាប់តាំងពីឆ្នាំ២០១៧មកនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

នៅមុនការធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១, លោកស្រី ស៊ូ ជី គឺជាតំណាងមីយ៉ាន់ម៉ាតែម្នាក់គត់ ដែលបានឡើងទៅតតាំងជាមួយតុលាការ ICJ នៅក្នុងសវនាការស្តាប់ជាលើកដំបូង កាលពីខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធរឿងក្តីចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ ដោយអាជ្ញាធរមីយ៉ាន់ម៉ា លើជនជាតិដើមភាគតិច Rohingya។

បច្ចុប្បន្ននេះ លោកស្រី ស៊ូ ជី កំពុងស្ថិតក្នុងការឃុំឃាំងនៅក្នុងលំនៅឋាន ដើម្បីរង់ចាំការកាត់ក្តីដោយតុលាការ លើបទចោទប្រកាន់ជាច្រើនករណីទៀត។ ដោយឡែក នៅក្នុងការតតាំងតំណាក់កាលបឋម ដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះត្រូវបានគេរំពឹងថា យោធានឹងសម្តែងការប្រឆាំងចំពោះ ចំណាត់ការនានារបស់តុលាការ ICJ ហើយក៏នឹងអះអាងផងដែរថា តុលាការអន្តរជាតិមួយនេះ គ្មានយុត្ថាធិការលើរឿងក្តីនេះឡើយ។

គួរបញ្ជាក់តាមសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា បានចុះផ្សាយថា តំណាងថ្មីរបស់រដ្ឋាភិបាល សម្រាប់ការតតាំងចំពោះមុខតុលាការ ICJ នឹងត្រូវដឹកនាំដោយលោក កូ កូ ឡាំង (Ko Kok Hlaing) ដែលត្រូវជារដ្ឋមន្ត្រីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ធីតា អូ (Thida Oo) ជាអគ្គមេធាវី។ ការតតាំងនឹងត្រូវធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូអនឡាញ ខណៈមន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ គឺសុទ្ធតែស្ថិតក្នុងបញ្ជីដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិករួចជាស្រេចទៅហើយ៕