(តៃប៉ិ)៖ អតីតរដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិក គឺលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ដែលពូកែរករឿងធ្វើឱ្យទីក្រុងប៉េកាំងក្តៅស្លឹកត្រចៀកជាញឹកញាប់ តាមរយៈការរិះគន់ធ្ងន់ៗរបស់លោក ក៏ដូចជាការវាយប្រហារពាក្យសម្តីចំៗ ទៅលើគណបក្សកុម្មុយនិស្តចិននោះ នឹងត្រូវទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា លោក Pompeo ព្រមទាំងភរិយា នឹងបំពេញដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ចាប់ពីថ្ងៃទី៣-៥ ខែមីនា ខាងមុខនេះ ហើយលោកនឹងជួបពិភាក្សាជាមួយ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) រួមនិងរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេប វូ (Joseph Wu)។

ទីក្រុងតៃប៉ិបានស្ងើចសរសើរលោក Pompeo យ៉ាងដូច្នេះថា «អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo គឺជាមិត្តស្មោះត្រង់យូរអង្វែងម្នាក់របស់តៃវ៉ាន់ ហើយលោកបានបង្កើតការចូលរួមចំណែកយ៉ាងច្រើន ក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនងតៃវ៉ាន់-អាមេរិក អំលុងពេលលោកនៅកាន់តំណែងជាប្រមុខការទូតរបស់សហរដ្ឋអាមេរិក»

គួរបញ្ជាក់ថា លោក Pompeo បានកាន់តួនាទីរដ្ឋមន្រ្តីការបរទេស របស់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ពីឆ្នាំ២០១៨ រហូតដល់ចុងបញ្ចប់នៃរដ្ឋបាលនោះ គឺនៅខែមករា ឆ្នាំ២០២១។ កាលជំនាន់លោក ត្រាំ សហរដ្ឋអាមេរិក បានផ្តល់ការជ្រោមជ្រែងយ៉ាងផុសផុលដល់កោះតៃវ៉ាន់ ដែលជាសកម្មភាពទីក្រុងប៉េកាំងមិនពេញចិត្តជាខ្លាំង ដ្បិតដែនកោះនេះ ត្រូវចិនចាត់ទុកជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន៕