(តេហេរ៉ង់)៖ យន្តហោះចម្បាំងស៊េរីចាស់ F5 មួយគ្រឿងផលិតនៅសហរដ្ឋអាមេរិក បានធ្លាក់បុករបងសាលារៀនមួយកន្លែង ស្ថិតនៅក្នុងទីក្រុង ថេប្រ៊ីស (Tabriz) ភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ ដោយបានបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ក្នុងនោះ ២នាក់ជាអាកាសយានិក និងម្នាក់ជាប្រជាជននៅលើដី ដែលបានជិះរថយន្តឆ្លងកាត់ទីតាំងកើតហេតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមអាជ្ញាធរអ៊ីរ៉ង់ សាលារៀនខាងលើនេះបានបិទទ្វារទៅហើយ នៅពេលហេតុការណ៍ធ្លាក់យន្តហោះកើតឡើង កាលពីវេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងតេហេរ៉ង់)។ បើតាមន្ត្រីជំនាញអ៊ីរ៉ង់ យន្តហោះ F5 ទំនងជាបានកើតមានបញ្ហាបច្ចេកទេស ទើបបានជាបង្កឲ្យវាធ្លាក់តែម្តង។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ កំពុងបន្តប្រព្រឹត្តទៅ។

គួរបញ្ជាក់ថា យន្តហោះស៊េរីចាស់របស់សហរដ្ឋអាមេរិកមួយចំនួន ដូចជាត្រកូល F5 ខាងលើនេះជាដើម ត្រូវបានប្រទេសអ៊ីរ៉ង់ទិញ និងប្រើប្រាស់ តាំងតែពីមុនបដិវត្តន៍ឥស្លាមកាលពីឆ្នាំ ១៩៧៩ មកម្ល៉េះ។ សហរដ្ឋអាមេរិកដែលបានផ្តាច់ទំនាក់ទំនងការទូត ជាមួយអ៊ីរ៉ង់នៅឆ្នាំ១៩៨០ បន្ទាប់ពីក្រុមនិស្សិតអ៊ីរ៉ង់បានចាប់មន្ត្រីទូតអាមេរិក ធ្វើជាចំណាប់ខ្មាំងនោះ បានដាក់ទណ្ឌកម្មជាច្រើនលើទីក្រុងតេហេរ៉ង់ ដែលជាហេតុធ្វើឲ្យអ៊ីរ៉ង់ ពិបាកក្នុងការទិញគ្រឿងបរិក្ខាសំខាន់ៗ ដើម្បីធ្វើទំនើបកម្មយន្តហោះយោធា និងស៊ីវិលចាស់ៗរបស់ខ្លួន៕