(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានចេញសេចក្តីព្រមានថ្មីមួយ ទៅកាន់អង្គការសហប្រជាជាតិ (UN) អំពីព័ត៌មានដែលខ្លួនទើបទទួលបានថា រុស្ស៊ីមានបញ្ជីឈ្មោះជនជាតិអ៊ុយក្រែនមួយចំនួន ដែលត្រូវបានត្រៀមទុករួចជាស្រេច ដើម្បីសម្លាប់ចោល ឬបញ្ជូនទៅធ្វើជាឈ្លើយសឹក ប្រសិនបើការឈ្លានពានកើតឡើង។ នេះបើតាមព័ត៌មានពីប្រធានផ្នែកសិទ្ធិមនុស្ស UN ដែលទីភ្នាក់ងារសារព័ត៌មាន AFP ទទួលបាននៅល្ងាចថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ការព្រមានខាងលើនេះត្រូវបានធ្វើឡើង តាមរយៈលិខិតមួយច្បាប់ ដែលសហរដ្ឋអាមេរិក បានបញ្ជូនទៅកាន់ស្ថាប័នសិទ្ធិមនុស្ស UN ដើម្បីសម្តែងពីក្តីបារម្ភយ៉ាងជ្រាលជ្រៅ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ចំពោះការឈ្លានពានដោយរុស្ស៊ីទៅលើអ៊ុយក្រែន ដែលជិតនឹងមកដល់ ខណៈសហរដ្ឋអាមេរិកផ្ទាល់បានអះអាងរួចទៅហើយថា ទាំងកងទ័ព និងសព្វាវុធរបស់រុស្ស៊ី គឺទើបតែត្រូវបានបង្កើនចំនួនបន្ថែមទៀត នៅជិតព្រំដែនអ៊ុយក្រែន ហើយមហន្តរាយផ្នែកសិទ្ធិមនុស្ស អាចនឹងកើតឡើង។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈលិខិតដែលត្រូវបានត្រួតពិនិត្យ និងចុះហត្ថលេខាដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ UN លោក បាសហ្សេបា នែល ក្រូកខឺ (Bathsheba Nell Crocker) ខាងលើនេះ, ទីក្រុងវ៉ាស៊ីនតោនថែមទាំងបានព្រមាន អំពីផែនការរុស្ស៊ីក្នុងការសម្លាប់រង្គាល ក្រុមបាតុករអ៊ុយក្រែន ដែលនឹងប្រមូលផ្តុំគ្នាដោយសន្តិវិធី ដើម្បីតវ៉ាប្រឆាំងការធ្វើអន្តរាគមន៍ ដោយយោធារុស្ស៊ីនោះផងដែរ។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ, ប្រទេសរុស្ស៊ីមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះលិខិតចោទប្រកាន់របស់សហរដ្ឋអាមេរិក ខាងលើនេះឡើយ។ ប៉ុន្តែកន្លងមកនេះ រុស្ស៊ីបានចាត់ទុកបណ្តាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកថា បានផ្សព្វផ្សាយព័ត៌មានបែបបំប៉ោង និងប្រកបដោយភាពគ្រោះថ្នាក់ ដែលផ្ទុយពីស្ថានការណ៍ជាក់ស្តែងកំពុងកើតមាន។ រុស្ស៊ីកន្លងមកនេះ បានទាមទារឲ្យលោកខាងលិចធានាថា «អ៊ុយក្រែននឹងមិនក្លាយជាសមាជិក NATO» ហើយ «សម្ព័ន្ធមិត្តលោកខាងលិច ត្រូវដកកងកម្លាំងប្រយុទ្ធ ចេញពីភាគខាងកើតអឺរ៉ុប» ប៉ុន្តែការស្នើទាំងអស់នេះ ត្រូវបានលោកខាងលិចច្រានចោល៕