(ប៉េកាំង)៖ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបិទបញ្ចប់យ៉ាងជោគជ័យនៅវេលាយប់ថ្ងៃទី ២០ ខែកុម្ភៈនេះ ក្រោយបរិយាកាសដ៏អ៊ូអរសប្បាយរីករាយ និងភាពអាឡោះអាល័យ ដែលផុសចេញពីក្រអៅដួងចិត្តនៃអត្តពលិកគ្រប់រូប ដែលបានចូលរួមព្រឹត្តិការណ៍នេះ។

ក្នុងពិធីបិទការប្រកួតនេះ មានកម្មវិធីសម្តែងមួយ ដែលគួបផ្សំដោយវប្បធម៌ចិន និងបច្ចេកវិទ្យាទំនើប គឺខ្សែបូក្រហមដែលរសាត់តាមខ្យល់មកពីគ្រប់ទិសទី លើផ្ទៃអាកាសនៃពហុកីឡដ្ឋានជាតិចិន ហើយរសាត់អណ្តែតទៅគួបបញ្ចូលគ្នានៅចំទីកណ្តាល នៃកីឡដ្ឋានបង្កើតបានជា «គំនួបចិន» ដែលភាសាចិនហៅថា «中国结 Zhongguojie/Chinese knotting» បានទាក់ទាញក្រសែចក្ខុរបស់ទស្សនិកជននៅហ្នឹងកន្លែង និងទូរទស្សនិកជនទូទាំងពិភពលោក ដែលបាននិងកំពុងតាមដានទស្សនាការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ឬតាមអនឡាញ ឱ្យមានភាពរំភើបរីករាយ និងលាន់មាត់ស្ងើចសរសើរ។

នៅក្នុងវប្បធម៌ប្រពៃណីរបស់ចិន «គំនួបចិន» តំណាងឱ្យសាមគ្គីភាព សុភមង្គលនិងភាពសុខសាន្ត។ អំបោះឬបូមួយខ្សែអាចវេញជាគំនួបតូចមួយ ហាក់ដូចជាប្រទេសនីមួយៗ ដែលជាតួអង្គដាច់ដោយឡែករៀងខ្លួន តែបើខ្សែអំបោះឬបូទាំងនេះគួបបញ្ចូលគ្នា វានឹងបង្កើតបានជាគំនួបដ៏ធំនិងរឹងមាំ ដែលជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លាអាចពុះពារគ្រប់ឧបសគ្គ និងដោះស្រាយរាល់បញ្ហាបាន។

សុភាសិតខ្មែរមួយម៉ាត់បានពោលថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។ ចំណែកឯសុភាសិតមួយឃ្លា ដែលពេញនិយមនៅទូទាំងពិភពលោកគឺ «សាមគ្គីជាកម្លាំង» ក៏បានសបញ្ជាក់យ៉ាងប្រចក្សពីសារៈសំខាន់បំផុត នៃសាមគ្គីភាពចំពោះមនុស្សជាតិទាំងមូល។ ការប្រកួតកីឡាអូឡាំពិករដូវលើកនេះ ក៏ជាលើកទីមួយដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចបន្ថែមពាក្យ «កាន់តែសាមគ្គី» ទៅក្នុងបាវចនាអូឡាំពិក ដែលបានបង្ហាញពីភាពចាំបាច់ និងតម្រូវការខ្លាំងបំផុតរបស់មនុស្សជាតិយើងនាពេលបច្ចុប្បន្ន ដែលត្រូវរួមសាមគ្គីគ្នា ដើម្បីយកឈ្នះលើជំងឺឆ្លងនិងជម្នះឧបសគ្គផ្សេងៗ នាពេលអនាគតសំដៅជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួមរបស់ពិភពលោក។

អ្វីដែលគួរឱ្យកត់សម្គាល់គឺបើទោះបីជាមុនការរៀបចំព្រឹត្តិការណ៍នេះមានជនចេតនាអាក្រក់មួយចំនួននៅលោកខាងលិចប៉ុនប៉ងធ្វើនយោបាយធូបនីយកម្មកីឡាដើម្បីធ្វើឱ្យល្អក់កករព្រឹត្តិការណ៍ពិភពលោកមួយនេះក្នុងន័យកេងចំណេញខាងនយោបាយក្តី ក៏ប៉ុន្តែប្រទេសភាគច្រើនដាច់ខាតសុទ្ធតែឈរនៅម្ខាងនៃភាពសច្ចយុត្តិធម៌ ដោយបានចាត់បញ្ជូនគណៈប្រតិភូកីឡាដែលមានចំនួនច្រើនជាងការប្រកួតមុនៗដើម្បីផ្តល់ជាវេទិកាប្រកួតប្រជែងលំដាប់អន្តរជាតិមួយជូនអត្តពលិករបស់ខ្លួនក្នុងការបញ្ចេញថ្វីដៃនិងសម្រេចក្តីសុបិនអូឡាំពិក។
ព្រឹត្តិការណ៍ប្រកួតលើកនេះ ក៏បានរំលេចយ៉ាងពេញលេញនូវបាវចនាអូឡាំពិក «កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង——កាន់តែសាមគ្គី» ផងដែរ ។ គេឃើញថានៅក្នុងទីលានប្រកួត អត្តពលិកជាច្រើនបានជម្នះភាពលំបាក ដោយសារបញ្ហាមានរបួសឬបញ្ហាផ្សេងៗ ហើយចូលរួមការប្រកួតដោយទឹកចិត្តក្លៀវក្លា និងអង់អាចក្លាហាន បញ្ចេញសមត្ថភាពដែលលើសពីកម្រិតខ្លួនគិតស្មាន។ ចំណែកនៅខាងក្រៅទីលានប្រកួត ពួកគេនាំគ្នាទះដៃជូនគូប្រកួត ដែលមានសមត្ថភាពខ្ពស់ ដែលបង្ហាញពីស្មារតីនៃការប្រកួតគឺ «មិត្តភាពទីមួយ ការប្រកួតទីពីរ» នេះក៏ជាស្មារតីនៃជាតិជាអ្នកកីឡាដ៏ពិតប្រាកដ។

ថ្លែងនៅក្នុងពិធីបិទការប្រកួត លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានលើកឡើងថា ប្រទេសចិនបានរៀបចំ មហាព្រឹត្តិការណ៍អូឡាំពិករដូវរងាមួយលើក ដែលប្រកបដោយសុវត្ថិភាពនិងអស្ចារ្យ នេះជាព្រឹត្តិការណ៍អូឡាំពិករដូវងាមួយលើក ដ៏ល្អឯកគ្មានអ្វីប្រៀបផ្ទឹមបាន។ ចំណែកអត្តពលិកនៃប្រទេសនានា ក៏បានគូសរំលេចពីស្មារតីអូឡាំពិក តាមរយៈក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ពិសេសក៏គូសរំលេចពីសាមគ្គីភាពដ៏មានតម្លៃបំផុត។

ជាការពិតណាស់ ប្រទេសចិនបានផ្តល់ជូនពិភពលោក នូវព្រឹត្តិការណ៍អូឡាំពិកបែបបៃតង អស្ចារ្យនិងប្រកបដោយបច្ចេកវិទ្យាខ្ពស់មួយលើក។ អត្តពលិកជាច្រើននៃប្រទេសនានា សុទ្ធតែបានថ្លែងថាប្រទេសចិន និងប្រជាជនចិនបានបន្សល់នូវអនុស្សាវរីយ៍ និងចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះពួកគេ ដោយម្នាក់ៗបានសម្តែងពីភាពអាឡោះអាល័យ នៅមុនពេលចាកចេញពីប្រទេសចិន។ ព្រោះនៅក្នុងព្រឹត្តិការណ៍នេះ គ្មានកលល្បិចនយោបាយ គ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអ្នកដទៃ គ្មានការមួលបង្កាច់លាបពណ៌ គឺមានតែការប្រកួតក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព មេត្រីភាពនិងភារតភាព។

ដូចអ្វីដែលប្រទេសចិនបានរំលេចឡើង នៅចុងកម្មវិធីបិទការប្រកួត គឺកាំជ្រួចដែលបាញ់ឡើងបានបែកជាផ្កាភ្ញី បំភ្លឺព្ធដ៏អាកាសដែលគ្របដណ្តប់ដោយស្បៃរាត្រី ឱ្យភ្លឺចិញ្ចែងចិញ្ចាច ជាពិសេសគឺកាំជ្រួចដែលផ្គុំជាអក្សរចិន និងអង់គ្លេសដែលមានន័យ «ពិភពលោកជាមហាគ្រួសារតែមួយ» ជាការបង្ហាញប្រាប់ពិភពលោក នូវឆន្ទៈដ៏មោះមុតរបស់ប្រទេសចិន ក្នុងការចាប់ដៃគ្នាជាមួយពិភពលោក ដើម្បីរួមគ្នាកសាង សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ និងរួមគ្នាឆ្ពោះទៅអនាគត៕

អត្ថបទដោយ៖ តាំង ស៊ីឡេង (បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)