(ន័រស៊ូលតង់)៖ ការិយាល័យអគ្គរដ្ឋអាជ្ញារបស់កាហ្សាក់ស្ថាន បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខាងអាជ្ញាធរបានធ្វើការឃាត់ខ្លួន អតីតរដ្ឋមន្រ្តីការពារជាតិ លោក មូរ៉ាត់ បេកតានូវ (Murat Bektanov) ក្រោយមានការស៉ើបអង្កេតលើរូបលោក ដោយសារបរាជ័យក្នុងការបំពេញភារកិច្ចរបស់ខ្លួន កំលុងភាពវឹកវរដែលបានផ្ទុះឡើងកក្រើកប្រទេសអាស៉ីកណ្តាលមួយនេះ កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស្ស៉ីម ចូម៉ាត់ តូកាយ៉េវ (Kassym-Jomart Tokayev) បានចាត់ទុក ការបះបោរដែលបង្កឱ្យមនុស្សបាត់បង់ជីវិតជាច្រើននាក់នោះ ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ មន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខមួយរូបទៀត គឺអតីតប្រធានគណៈកម្មាធិការសន្តិសុខជាតិ ត្រូវបានអាជ្ញាធរកាហ្សាក់ស្ថានចាប់ខ្លួន ពីបទក្បត់ជាតិនិងរំលោភសិទ្ធិអំណាច។

គួរបញ្ជាក់ថា លោក Tokayev បានដកតំណែងជាប្រមុខការពារជាតិរបស់លោក Bektanov កាលពីខែមុន ក្រោមហេតុផលថា អតីតរដ្ឋមន្រ្តីរូបនេះ មិនបានបង្ហាញកិច្ចខំតខំប្រឹងប្រែងទាល់តែសោះ ដើម្បីបង្ក្រាបការបះបោរ។ ជាមួយគ្នាដែរ អាជ្ញាធរកាហ្សាក់ស្ថាន បាននិយាយថា ពួកគេនៅកំពុងបន្តការស៉ើបអង្កេតនៅឡើយទេ ជុំវិញព្រឹត្តិការណ៍កាលពីខែមករា៕