(ឡុងដ៍)៖ អ្នកដែលវិជ្ជមានជំងឺកូវីដ១៩ នឹងមិនតម្រូវឱ្យនៅដាច់ដោយឡែកពីគេទៀតទេក្នុងប្រទេសអង់គ្លេស ចាប់ពីសប្តាហ៍ក្រោយនេះ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសដោយគូសបញ្ជាក់ថា វាជាផ្នែកមួយនៃផែនការសម្រាប់ ការរៀនរស់នៅជាមួយកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា ការបញ្ចប់ការរឹតបន្តឹងផ្លូវច្បាប់ទាំងអស់ដែលដាក់ចេញដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នឹងអនុញ្ញាតឱ្យប្រជាជនអង់គ្លេស «ការពារខ្លួនដោយមិនមានវិធានការរឹតត្បិតសេរីភាពរបស់ពួកគេឡើយ»

លោក Johnson បានប្រាប់ទូរទស្សន៍ BBC នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា «យើងបានឈានដល់ចំណុចមួយដែលអាចជឿជាក់ថា រដ្ឋត្រូវនៅឆ្ងាយពីការហាមឃាត់សកម្មភាពមួយចំនួន និងការបង្ខំឱ្យមានសកម្មភាពជាក់លាក់ ដើម្បីលើកទឹកចិត្តដល់ការទទួលខុសត្រូវផ្ទាល់ខ្លួន»

ទោះជាយ៉ាងណា ទីប្រឹក្សាវិទ្យាសាស្ត្រមួយចំនួនរបស់រដ្ឋាភិបាលបាននិយាយថា វាគឺជាវិធានការប្រថុយប្រថាន ដែលអាចនាំមកនូវការកើនឡើងនៃករណីឆ្លង និងធ្វើឱ្យការការពាររបស់ប្រទេសចុះខ្សោយប្រឆាំងនឹងប្រភេទមេរោគឆ្លងនាពេលអនាគត។

លោក Wes Streeting អ្នកនាំពាក្យផ្នែកសុខភាពរបស់គណបក្សប្រឆាំងដ៏សំខាន់បានចោទប្រកាន់លោក Johnson ពីបទ «ប្រកាសជ័យជម្នះមុនពេលសង្គ្រាមចប់»