(ប៉េកាំង)៖ «នេះជាការប្រកួតកីឡាអូឡាំពិករដូវរងាដែលមិនអាចប្រៀបផ្ទឹមបានមួយលើក»។ យប់ថ្ងៃទី២០ ខែកុម្ភៈ លោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានវាយតម្លៃខ្ពស់ ខណៈពេលថ្លែងសុន្ទរកថាក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង។

ការវាយតម្លៃបែបនេះ គឺឯកភាពគ្នាទាំងស្រុងជាមួយការវាយតម្លៃនៃគណៈកម្មាធិការនេះ ចំពោះការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង កាលពី ១៤ឆ្នាំមុន។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២២ ពីការប្រកួតកីឡាអូឡាំពិករដូវក្តៅដល់ការប្រកួតកីឡាអូឡាំពិករដូវរងា ប្រទេសចិនបានបញ្ជាក់តាម ការអនុវត្តជាក់ស្តែងថា ខ្លួនជាអ្នកសែ្វងរកនិងអ្នកអនុវត្តយ៉ាងមុតមាំនូវឧត្តមគតិរបស់អូឡាំពិក។

ហេតុអ្វីបានជាក្រុងប៉េកាំងដែលជាទីក្រុងរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងាបានសម្រេចព្រឹតិ្តការណ៍អូឡាំពិកដែលមិនអាចប្រៀបផ្ទឹមបានមួយលើកទៀត? ជាបឋម គឺប្រទេសចិនបំពេញពាក្យសន្យាទៅកាន់ពិភពលោកដែលបានរៀបចំព្រឹតិ្តការណ៍កីឡា ដ៏ឱឡារិកមួយលើកដែលមានភាពសាមញ្ញ សុវត្ថិភាព និងមានភាពអស្ចារ្យ ធ្វើឱ្យស្មារតីអូឡាំពិកស្តីពី «កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំងក្លា និងកាន់តែសាមគ្គីគ្នា» បានបញ្ចេញពន្លឺដ៏ចែងចាំង។

ក្នុងរយៈពេល ១៧ថ្ងៃ ក្នុងការប្រកួតកីឡាជាសកលលើកដំបូង ដែលបានរៀបចំតាមពេលកំណត់ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ស្ទើរតែជារៀងរាល់ថ្ងៃ សុទ្ធតែមានរឿងរ៉ាវស្តីពីការគោរពគ្នានិងចំណងមេត្រីភាពដែលគួរឱ្យរំភើបចិត្ត។ នៅថ្ងៃទី២០ ខែកុម្ភៈ លោក Jerry Brewer អ្នកនិពន្ធកាសែត «The Washington Post» បានចែករំលែកពីរឿងរ៉ាវដ៏កក់ក្ដៅដែលកើតមានក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក។

ក្នុងអត្ថបទ លោកបានលើកឡើងថា ក្នុងបរិវេណបិទខ្ទប់ពិតជាមានទឹកចិត្តល្អយ៉ាងពិតប្រាកដ នៅទីនោះពោពេញទៅដោយភាពកក់ក្តៅ និងក្តីរំភើប។ ប្រការនេះមិនត្រឹមតែធ្វើឱ្យការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង កាន់តែមានភាពកក់ក្តៅប៉ុណ្ណោះទេ ថែមទាំងក៏បានពង្រីក ស្មារតីអូឡាំពិកថែមមួយកម្រិតទៀតផងដែរ។

ក្រៅពីនេះ គោលដៅស្តីពី «ការជំរុញឱ្យមនុស្ស៣រយលាននាក់ចូលរួមកីឡាព្រិលទឹកកក» ក៏ត្រូវបានសម្រេចហើយ ធ្វើឱ្យប្រទេសចិនក្លាយជា ប្រទេសកីឡារដូវរងា ហើយក៏បានចាប់ដំណើរការនូវយុគសម័យថ្មីមួយនៃកីឡារដូវរងាជាសកលផងដែរ។ មិនត្រឹមតែប៉ុណ្ណឹង ការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង ក៏បានជំរុញការរួមបញ្ចូល និងការតភ្ជាប់គ្នារវាងអរិយ្យធម៌បូព៌ា និងបស្ចិម ដែលបានបង្កើតជាធ្នឹមស្ពានមួយសម្រាប់ បង្កើនការយល់ដឹងគ្នា និងដោះស្រាយការខ្វែងគំនិតគ្នា ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា «សមិទ្ធផលអរិយ្យធម៌របស់មនុស្សជាតិ ទាំងអស់ សុទ្ធតែមានតម្លៃឱ្យមនុស្សលោកទាំងមូលរួមគ្នាទស្សនានិងចែករំលែក»

ព្រមពេលជាមួយគ្នានេះ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ធ្វើឱ្យពិភពលោកបានមើលឃើញកាន់តែច្បាស់នូវរូបភាពចិន ដែលមាន ភាពសកម្ម មានជំនឿចិត្តលើខ្លួនឯងនិងពោពេញទៅដោយក្តីសង្ឃឹម ប្រទេសចិនបានសន្សល់ទុកនូវ «សម្បតិ្តបេតិកភណ្ឌនៃការប្រកួត កីឡាអូឡាំពិករដូវរងា» ដ៏មានតម្លៃជាច្រើនជូនចំពោះពិភពលោក។

ជាងនេះទៅទៀត ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងអាចរៀបចំធ្វើឡើងដោយជោគជ័យតាមពេលកំណត់ បានបំពេញបន្ថែមនូវ សាមគ្គីភាពនិងកម្លាំងរក្សាសន្តិភាពដល់ពិភពលោក។ លោក Thomas Bach បានលើកឡើងថា «កម្លាំងសាមគ្គីភាពរបស់ការប្រកួតកីឡា អូឡាំពិក ខ្លាំងជាងកម្លាំងដែលប៉ុនប៉ងបំបែកបំបាក់យើងទៅទៀត ដែលបានផ្តល់ឱកាសមួយដើម្បីរក្សាសន្តិភាព»

ដូច្នេះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវរបស់ប្រទេសចិនដើម្បីជំរុញសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ពិភពលោក៕