(ញូយ៉ក)៖ នៅទីបំផុតក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃអង្គារនេះ ជុំវិញភាពតានតឹងនៅអ៊ុយក្រែន ក្រោយប្រទេសរុស្ស៊ីបានប្រកាសទទួលស្គាល់ តំបន់ផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជារដ្ឋឯករាជ្យ ព្រមទាំងបានបញ្ជាឲ្យកងទ័ពរុស្ស៊ី ចូលទៅបំពេញប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងតំបន់ទាំងនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចប្រជុំខាងលើនេះត្រូវបានស្នើសុំ ដោយភាគីអ៊ុយក្រែនផ្ទាល់តែម្តង និងក្រុមប្រទេសសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ក្រោយពីទីក្រុងម៉ូស្គូបានប្រកាសទទួលស្គាល់ តំបន់ Luhansk ជា «សាធារណរដ្ឋប្រជាជនលូហានក៍» និងតំបន់ Donetsk ជា «សាធារណរដ្ឋប្រជាជនដូណេតក៍» ហើយចាប់ពីថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅទីក្រុងម៉ូស្គូ) តំបន់ទាំងពីរនេះនឹងត្រូវបានរុស្ស៊ីចាត់ទុកថា ជារដ្ឋឯករាជ្យ ដោយមិនចំណុះឲ្យអ៊ុយក្រែនទៀតនោះឡើយ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ប្រទេសចិនដែលជាសមាជិកអចិន្ត្រៃយ៍ ១ ក្នុងចំណោម ៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ឬដែលគេស្គាល់ P5 នោះ បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ បើកកិច្ចសន្ទនាបន្តទៅមុខទៀត ជុំវិញវិបត្តិនៅអ៊ុយក្រែ។ លោក ចាង ជុន (Zhang Jun) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅ UN បានលើកឡើង នៅក្នុងកិច្ចប្រជុំបន្ទាន់នាថ្ងៃអង្គារនេះថា «ចិនជំរុញឲ្យគ្រប់ភាគីទាំងអស់ រក្សាការអត់ធ្មត់ និងចៀសវាងធ្វើសកម្មភាពទាំងឡាយណា ដែលអាចបង្កើននូវភាពតានតឹង»

គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំរបស់ UNSC កើតឡើង, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មលើតំបន់ផ្ដាច់ខ្លួនពីរ គ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្ររុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន ខណៈជប៉ុនវិញបានសន្យាថា នឹងធ្វើកិច្ចសម្របសម្រួលជាមួយបណ្ដាប្រទេស G7 ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន។ បន្ថែមពីនេះ, នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានទូរស័ព្ទដោយផ្ទាល់ទៅកាន់ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ដើម្បីពិភាក្សាគ្នាក្នុងស្ថានការណ៍បន្ទាន់នេះ ហើយអង់គ្លេសក៏បានប្តេជ្ញាដាក់ទណ្ឌកម្មរុស្ស៊ី និងផ្តល់ជំនួយបន្ថែមទៅអ៊ុយក្រែនផងដែរ៕