(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលទើបឈានទៅរកភាពតានតឹងខ្លាំងមួយកម្រិតទៀត ក្រោយរុស្ស៊ីបានប្រកាសទទួលស្គាល់ តំបន់ផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជារដ្ឋឯករាជ្យ ព្រមទាំងបានបញ្ជាឲ្យកងទ័ពរុស្ស៊ី ចូលទៅបំពេញប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងតំបន់ទាំងនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងកិច្ចសន្ទនាខាងលើនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងពីភាពចាំបាច់ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកការបានថ្កោលទោស សេចក្តីសម្រេចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងការទទួលស្គាល់តំបន់ Donetsk និង Luhansk ជារដ្ឋឯករាជ្យទាំងពីរផងដែរ។ សហរដ្ឋអាមេរិកបានហៅទង្វើរបស់រុស្ស៊ីបែបនេះថា ជាការច្រានចោលទាំងស្រុង ចំពោះកិច្ចព្រមព្រៀងទីក្រុង មីងក៍ (Minsk)។

យ៉ាងណាក៏ដោយ ប្រទេសចិនបានបញ្ជាក់ជំហររបស់ខ្លួនរួចទៅហើយ តាមរយៈកិច្ចប្រជុំក្រុមក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នៅក្នុងថ្ងៃអង្គារនេះ ដោយចិនជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រក្សាការអត់ធ្មត់ និងចៀសវាងធ្វើសកម្មភាពទាំងឡាយណា ដែលអាចបង្កើននូវភាពតានតឹង ហើយត្រូវបើកកិច្ចសន្ទនាបន្តទៅមុខទៀត ជុំវិញវិបត្តិនៅអ៊ុយក្រែន។

ជុំវិញបញ្ហាកោះតៃវ៉ាន់វិញ, លោក Wang Yi បានប្រាប់ទៅលោក Antony Blinken ថា សហរដ្ឋអាមេរិកមិនគួរដាក់បញ្ចូលកោះតៃវ៉ាន់ ដែលជាដែនដីរបស់ចិន ចូលទៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួននោះឡើយ។ លោក Wang បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការដាក់បញ្ជូលតៃវ៉ាន់ទៅក្នុងយុទ្ធសាស្ត្រ ដើម្បីទប់ទល់ចិននោះ គឺកំពុងតែក្លាយជាការបញ្ជូនសារ ខុសឆ្គងទាំងស្រុង»។ តែយ៉ាងណា, លោក Wang Yi នៅតែអះអាងថា ចិនមានឆន្ទៈក្នុងការដោះស្រាយ បញ្ហាខ្វែងគំនិតគ្នាជាមួយអាមេរិក និងស្តារទំនាក់ទំនងឲ្យប្រសើរឡើងវិញ។

ការលើកឡើងរបស់លោក Wang ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី សហរដ្ឋអាមេរិកកាលពីដើមខែកុម្ភៈនេះ បានធ្វើការប្តេជ្ញាចិត្តបន្ថែមទៀត ចំពោះការផ្តល់ធនធាន និងការគាំទ្រផ្នែកការទូតទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទីក្រុងវ៉ាស៊ីនតោនថែមទាំងបានលើកឡើងទៀតថា ខ្លួននឹងធ្វើការជាមួយដៃគូពាក់ព័ន្ធទាំងក្នុង និងក្រៅតំបន់នេះ ដើម្បីធានាឲ្យបាននូវស្ថិរភាព និងសន្តិភាពនៅតំបន់ច្រកសមុទ្រ ដែលបែងចែករវាងកោះតៃវ៉ាន់ និងប្រទេសចិន៕