(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងធ្វើការសម្របសម្រួលជាមួយបណ្ដាប្រទេសជាសម្ពន្ធមិត្ត ហើយនឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មីប្រឆាំង រុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីទីក្រុងម៉ូស្គូបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតប្រទេសអ៊ុយក្រែនជា «រដ្ឋឯករាជ្យ» និងបាន បញ្ជូនកងទ័ពរក្សាសន្តិភាពទៅទីនោះ។ នេះបើតាមអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គសហប្រជាជាតិ (UN) ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) អគ្គរដ្ឋទូតអាមេរិកប្រចាំ UN ធ្វើការកត់សម្គាល់ខាងលើប្រាប់ អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN កាលពីល្ងាចថ្ងៃចន្ទ កន្លងទៅនេះ។ លោកស្រី ថូម៉ាស់ គ្រីនហ្វៀល បានបញ្ជាក់ ដូច្នេះថា «នៅថ្ងៃស្អែក (ថ្ងៃអង្គារ) សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ចំពោះទង្វើរំលោភបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីរបស់អ៊ុយក្រែន»

បន្ថែមពីលើនេះ លោកស្រី ក៏បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសទំាងអស់រួបរួមគ្នា អំពាវនាវឱ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួន ព្រមទាំងត្រឡប់មក រកកិច្ចចរចាតាមផ្លូវការទូត និងធ្វើការជាមួយគ្នាដើម្បីសន្តិភាព។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរគ្រប់គ្រងដោយក្រុមឧទ្ទាម គាំទ្រ រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន គឺសាធារណរដ្ឋប្រជាមានិតដូណេតក៍ (DNR) និងសាធារណរដ្ឋប្រជាមានិតលូហានក៍ (LNR) ជារដ្ឋឯករាជ្យ ហើយក៏បានចេញបញ្ជាឱ្យបញ្ជូនកងទ័ពរុស្ស៊ីទៅកាន់តំបន់ទាំង២នេះផងដែរ ក្រោមក្របខណ្ឌរក្សាសន្តិភាព។

សហរដ្ឋអាមេរិក មិនទាន់អាចបញ្ជាក់បានថាតើសកម្មភាពបែបនេះរបស់រុស្ស៊ី ជាទង្វើឈ្លានពានដូចដែលខ្លួន និងសម្ពន្ធមិត្តលោកខាងលិចបាន ព្រមាននាពេលកន្លងមកនោះទេ។ ដ្បិត រុស្ស៊ីបានដាក់ពង្រាយកងទ័ព ក្នុងតំបន់នោះរួចស្រេចទៅហើយ។ តែទោះជាបែបនេះក្ដី លោក បៃដិន បានចុះហត្ថលេខាហើយលើបទបញ្ជាប្រតិបត្តិមួយដែលនឹងហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកក្នុងការវិនិយោគ, ធ្វើពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ជាមួយសាធារណរដ្ឋប្រជាមានិតដូណេតក៍ (DNR) និងសាធារណរដ្ឋប្រជាមានិតលូហានក៍ (LNR)៕