(ប៉េកាំង)៖ ស្ថានទូតចិននៅអ៊ុយក្រែននាថ្ងៃអង្គារនេះ បានចេញសេចក្តីណែនាំឱ្យពលរដ្ឋចិនទាំងអស់ ចៀសឆ្ងាយពីតំបន់ដែលគ្មានស្ថិរភាព ប៉ុន្តែមិនបានប្រាប់ឱ្យពួកគេពិចារណា ចាកចេញពីប្រទេសអឺរ៉ុបខាងកើតនេះឡើយ ស្របពេលដែលស្ថានការណ៍កាន់តែតានតឹងខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើឱ្យភាពតានតឹងកាន់តែពុះកញ្រ្ជោលឡើងថែមទៀត តាមរយៈការចេញបញ្ជាឱ្យបញ្ជូនកងទ័ព ទៅកាន់តំបន់ផ្តាច់ខ្លួនចំនួន២ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ក្រោមគោលដៅដែលលោកអះអាងថា ដើម្បីរក្សាសន្តិភាពនៅទីនោះ បន្ទាប់ពីទទួលស្គាល់តំបន់ទាំងពីរ ជារដ្ឋឯករាជ្យដាច់ដោយឡែក ពីប្រទេសអ៊ុយក្រែន។

ជុំវិញស្ថានការណ៍វិវត្តខាងលើ ស្ថានទូតចិនប្រចាំអ៊ុយក្រែន បានចេញសេចក្តីប្រកាសយ៉ាងដូច្នេះថា «បច្ចុប្បន្ន ស្ថានភាពនៅភាគខាងកើត អ៊ុយក្រែន បានឆ្លងកាត់ការប្រែប្រួលយ៉ាងធំ។ ស្ថានទូតសូមក្រឿនរំលឹកឱ្យពលរដ្ឋចិនទាំងអស់នៅអ៊ុយក្រែន ផ្តោតការយកចិត្តទុកដាក់ទៅលើ សេចក្តីណែនាំសុវត្ថិភាព ដែលចេញដោយអាជ្ញាធរក្នុងតំបន់ ហើយចៀសវាងការធ្វើដំណើរ ទៅកាន់តំបន់ដែលអស្ថិរភាព»

គួរបញ្ជាក់ថា ដោយឡែក កន្លងទៅក្នុងខែកុម្ភៈនេះ ប្រទេសមួយជាច្រើន រួមមានទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បាននាំគ្នាទទូចឱ្យពលរដ្ឋពួកគេ ចាកចេញពីអ៊ុយក្រែនជាបន្ទាន់ ដោយសារតែក្តីព្រួយបារម្ភអំពី ការលើកទ័ពឈ្លានពានដោយរុស្ស៉ីទៅលើ អ៊ុយក្រែន៕