(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) នៅថ្ងៃអង្គារនេះបានថ្កោលទោសរុស្ស៊ី សម្រាប់ការទទួលស្គាល់តំបន់ផ្ដាច់ខ្លួន ២ គ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្រម៉ូស្គូ នៅឯភាគខាងកើតប្រទេសអ៊ុយក្រែន ហើយថាទីក្រុងតូក្យូ មានផែនការ ធ្វើកិច្ចសម្របសម្រួលជាមួយបណ្ដាប្រទេសដទៃ ដើម្បីដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ហាយ៉ាស៊ិ បានសង្កត់ធ្ងន់ដូច្នេះថា «ប្រទេសរបស់យើងនឹងតាមដានស្ថានការណ៍ ជាមួយការព្រួយបារម្ភ យ៉ាងខ្លាំង ហើយនឹងធ្វើកិច្ចសហការជាមួយបណ្ដាប្រទេស G7 រួមទាំងសហគមន៍អន្តរជាតិ ដើម្បីធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្នុងរួមមានទាំង ការដាក់ទណ្ឌកកម្មផងដែរ»។ នៅថ្ងៃអង្គារនេះដែរ, ស្ថានទូតជប៉ុនប្រចាំទីក្រុងកៀវ បានចេញសេចក្ដីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ដោយជំរុញឱ្យពលរដ្ឋជប៉ុនទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន ចាកចេញជាបន្ទាន់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរ គ្រប់គ្រងដោយក្រុមឧទ្ទាម គាំទ្ររុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន គឺសាធារណរដ្ឋប្រជាមានិតដូណេតក៍ (DNR) និងសាធារណរដ្ឋប្រជាមានិតលូហានក៍ (LNR) ជា «រដ្ឋឯករាជ្យ» ហើយក៏បានចេញបញ្ជាឱ្យបញ្ជូនកងទ័ពរុស្ស៊ីទៅកាន់តំបន់ទាំង២នេះផងដែរ ក្រោមក្របខណ្ឌរក្សាសន្តិភាព។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ពន្ធមិត្តលោកខាងលិចរបស់ខ្លួន ក៏បានថ្កោលទោសចំពោះការទទួលស្គាល់តំបន់ផ្ដាច់ខ្លួនទាំង២ នេះដែរ ដោយចោទថាវាជាទង្វើរំលោភលើច្បាប់អន្តរជាតិទាំងស្រុង។ ប៉ុន្តែ រុស្ស៊ី បានអះអាងថាប្រកាសទទួលស្គាល់ និងការបញ្ជូនកងទ័ពរក្សាសន្តិភាព ទៅកាន់តំបន់ទាំង២ គឺដើម្បីរារាំងការបង្ហូរឈាម និងការពារពលរដ្ឋរបស់ខ្លួនតែប៉ុណ្ណោះ៕