(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី (Volodymyr Zelenskiy) បានចោទរុស្ស៉ីថា កំពុងតែបំផ្លាញកិច្ចប្រឹងប្រែង ដើម្បីឆ្ពោះទៅរកសន្តិភាព ហើយលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនបណ្តោយឱ្យទឹកដីខ្លួន ធ្លាក់ទៅក្នុងដៃរុស្ស៉ីជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងសារដូចខាងលើទៅកាន់ប្រជាជាតិ បន្ទាប់ពីរុស្ស៉ីបានសម្រេចចិត្តផ្តល់ការទទួលស្គាល់ជាផ្លូវការ ដល់តំបន់ជម្លោះចំនួន២ នៅភាគខាងកើតអ៊ុយក្រែន ថាជារដ្ឋឯករាជ្យពេញលេញ ហើយទីក្រុងម៉ូស្គូថែមទាំងបានបញ្ជូនកងទ័ពទៅកាន់ទីនោះទៀតផង។ ប្រការនេះកាន់តែជំរុញឱ្យវិបត្តិអ៊ុយក្រែន-រុស្ស៉ី ដែលកំពុងតានតឹងស្រាប់ប៉ុន្មានខែមកហើយនោះ កើនឡើងកម្តៅយ៉ាងក្តៅគគុកបន្ថែមទៀត។

លោក Zelenskiy បានចោទប្រកាន់ថា តាមរយៈការសម្រេចចិត្តខាងលើ រុស្ស៉ីបានបំពានដែនអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយវាអាចមានន័យថា ទីក្រុងម៉ូស្គូដើរចេញពីកិច្ចព្រមព្រៀងទីក្រុង Minsk ដែលត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ នៅភាគខាងកើតអ៊ុយក្រែន។

ជាមួយគ្នានេះ លោក Zelenskyi បានបន្តថា អ៊ុយក្រែនចង់ដោះស្រាយវិបត្តិតាមផ្លូវការទូត ប៉ុន្តែប្រទេសលោកត្រៀមលក្ខណៈរួចជាស្រេច ដើម្បីតតាំងការពារខ្លួនរហូតដល់ទីបញ្ចប់។ បើតាមសម្តីលោក Zelenskyi គឺអ៊ុយក្រែនស្ថិតនៅលើទឹកដីខ្លួនឯង ហើយពុំខ្លាចនរណាឡើយ មិនតែប៉ុណ្ណោះ អ៊ុយក្រែនមិនជំពាក់អ្នកណា ហើយក៏នឹងមិនឱ្យអ្វីទៅនរណាម្នាក់នោះ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអ៊ុយក្រែន បានស្នើឱ្យមានកិច្ចប្រជុំបន្ទាន់មួយ ជាមួយសម្ពន្ធមិត្តរួមមានអាមេរិក អាល្លឺម៉ង់ និងបារាំង ជាដើម ហើយបានទទូចឱ្យមានការចេញចំណាត់ការប្រឆាំងរុស្ស៉ី។ ទង្វើរបស់រុស្ស៉ីនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបចេញមុខថ្កោលទោសនិងប្រកាសដាក់ទណ្ឌកម្ម ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេថា ការបញ្ជូនកងទ័ពរុស្ស៉ីទៅកាន់ភាគខាងកើតអ៊ុយក្រែន នឹងត្រូវក្រុមប្រទេសលោកខាងលិច ចាត់ទុកជាការចាប់ផ្តើមឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែនឬក៏យ៉ាងណា៕