(សេអ៊ូល)៖ ការសិក្សាថ្មីមួយរបស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងថាមនុស្សដែលបានឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង» អាចធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ មានកម្រិតទាបជាង ៧៥ភាគរយ បើធៀបទៅនឹងអ្នកដែលបានឆ្លងមេរោគបំប្លែងថ្មី «ដែលតា»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមការសិក្សាខាងលើដែលធ្វើឡើងដោយមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (KDCA) អត្រាអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់បង្កឡើងដោយអូមីក្រុង មានកម្រិត ០.៣៨ភាគរយ និងស្លាប់ ០.១៨ភាគរយ ធៀបទៅនឹងអត្រាអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ បង្កឡើងដោយដែលតា មានកម្រិត ១.៤ភាគរយ និងស្លាប់ ០.៧ភាគរយ។

ការសិក្សាថ្មីនេះធ្វើឡើងដោយផ្អែកលើករណីឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ៦៧,០០០ករណី គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក ហើយ KDCA បានចាត់ទុកករណីឈឺធ្ងន់ ចំពោះអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។

គួរបញ្ជាក់ថា ការសិក្សាខាងលើដដែលរបស់ KDCA ក៏បានរកឃើញដែរថា ៥៦ភាគរយ នៃអ្នកជំងឺ ១,០៧៣នាក់ដែលបានស្លាប់ ក្នុងរយៈពេល ៥សប្ដាហ៍មកនេះ គឺជាមនុស្សដែលមិនបានចាក់វ៉ាក់សាំងបង្ការ ឬបានចាក់ត្រឹមតែដូសទី១ ហើយក្នុងនោះទៀតសោត ៩៤ភាគរយនៃអ្នកស្លាប់ ជាមនុស្សវ័យចំណាស់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ៕