(វ៉ាស៊ីនតោន)៖ នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីសេតវិមាន នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ចូ បៃដិន បានលើកឡើងអំពីចំណាត់ការឆ្លើយតប នៃយោធាសហរដ្ឋអាមេរិក ចំពោះការបន្តរក្សាវត្តមានយោធារុស្ស៊ី នៅក្នុងទឹកដីប្រទេសបេឡារុស។ ការប្រកាសអំពីផែនការថ្មីនេះ បានកើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មក្តៅៗ លើបុគ្គលមានឥទ្ធិពលមួយចំនួន និងធនាគារសំខាន់ៗចំនួន ២ របស់រុស្ស៊ីផងដែរ ឆ្លើយតបនឹងការទទួលស្គាល់ តំបន់ភាគកើតអ៊ុយក្រែនចំនួន ២ ជារដ្ឋឯករាជ្យ និងការត្រៀមដាក់ពង្រាយកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ជាការឆ្លើយតបចំពោះរុស្ស៊ី ដែលមិនព្រមដកកងទ័ពរាប់ម៉ឺននាក់របស់ខ្លួន ចេញពីប្រទេសបេឡារុសនោះ, លោក ចូ បៃដិន បានថ្លែងថា លោកបានបញ្ជាឲ្យមានការចល័តទ័ពបន្ថែមទៀត ចេញពីមូលដ្ឋានទ័ពអាមេរិក ដើម្បីដាក់ពង្រាយនៅតំបន់អឺរ៉ុបខាងកើត ក្នុងនោះប្រទេស អេស្តូនី, ឡាតវី និងលីទុយអានី នឹងទទួលបានការបង្កើនសន្តិសុខ។

ជុំវិញចំណាត់ការថ្មីនេះ, លោក ចូ បៃដិន បានបកស្រាយថា «ចាំខ្ញុំបញ្ជាក់ឲ្យច្បាស់, នេះគឺជាការចល័តកងកម្លាំងទាំងស្រុង នៅក្នុងដែនដី (NATO) របស់យើងប៉ុណ្ណោះ។ យើងគ្មានចេតនាវាយប្រហាររុស្ស៊ីឡើយ។ យើងចង់ផ្ញើសារមួយដ៏ច្បាស់បំផុតថា សហរដ្ឋអាមេរិករួមជាមួយនឹង សម្ព័ន្ធមិត្តរបស់យើងទាំងអស់ នឹងការពារទឹកដីរបស់ NATO មិនឲ្យបាត់សូម្បីតែ ១អ៊ីញនោះឡើយ»។

សម្រាប់ទីក្រុងម៉ូស្គូវិញ, សារព័ត៌មានក្នុងស្រុករុស្ស៊ី បានដកស្រង់សេចក្តីថ្លែងការណ៍ ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន មិនបានទស្សនាសេចក្តីថ្លែងការណ៍របស់លោក ចូ បៃដិន ដោយផ្ទាល់នោះឡើយ តែរុស្ស៊ីនឹងរង់ចាំមើលសេចក្តីសង្ខេបលើចំណុចសំខាន់ៗ មុននឹងធ្វើការឆ្លើយតបទៅវិញ៕