(គូឡាឡាំពួរ)៖ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី ២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ។

ម៉ាឡេស៊ី ដែលជាសមាជិកអាស៊ាន គឺជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសមួយនេះ សម្បូរទៅដោយជាតិសាសន៍ និងសាសនាចម្រុះ។ ដ្បិតតែមានសាសន៍ និង ជាតិសាសន៍ចម្រុះក៏ពិតមែន ប៉ុន្តែសហគមន៍ទាំងអស់នៅក្នុងប្រទេស ម៉ាឡេស៊ី នៅតែអាចរួមរស់ជាមួយគ្នាដោយសន្តិភាព។

ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់ម៉ាឡេស៊ី៖

១៖ ទីតាំងភូមិសាស្រ្ត

* រដ្ឋធានី៖ គូឡាឡាំពួ
* ទំហំផ្ទៃដី៖ ៣២៩,៨៤៧ គីឡូម៉ែត្រក្រឡា
* ព្រំប្រទល់៖ សិង្ហបុរី, ថៃ, ឥណ្ឌូណេស៊ី, ព្រុយណេ និង ហ្វីលីពីន
* ចំនួនប្រជាជន៖ ៣២.៧ លាននាក់ (២០២០)
* ភាសាផ្លូវការ៖ បាហាសាម៉ាឡេ (Bahasa Malay)
* សាសនា៖ អ៉ីស្លាម
* រដ្ឋបាលដែនដី៖ រដ្ឋ១៣ និងទឹកដីសហព័ន្ធ ០៣
* ថ្ងៃបុណ្យជាតិ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧

២៖ ថ្នាក់ដឹកនាំសំខាន់ៗ

* ប្រមុខរដ្ឋ៖ ព្រះចៅស៊ុលតង់ អាប់ឌុលឡោះ ឡើងគ្រងរាជ្យនៅខែមករា ឆ្នាំ២០១៩។

* នាយករដ្ឋមន្ត្រី៖ ឯកឧត្តម ដាតុ ស្រ៊ី អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri bin Yaakob) ចូលកាន់តំណែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តមជាអនុប្រធានគណបក្ស (United Malays National Organization - UMNO)។

* ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា៖ ប្រធានព្រឹទ្ធសភា (Dewan Negara) ឯកឧត្តម តាន់ ស្រ៊ី ដាតុ ស្រ៊ី អេសអេ. វីកណេសវ៉ារ៉ាន (Tan Sri Dato’ Sri SA. Vigneswaran) ចូលកាន់តំណែងក្នុងខែមេសា ឆ្នាំ២០១៦ មកពីគណបក្ស Barisan Nasional (BN)។

* ប្រធានរដ្ឋសភា (Dewan Rakyat) ឯកឧត្តម អាហ្សាហា ហារុន (Azahar Harun) ចូលកាន់តំណែងនៅ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មកពីសម្ព័ន្ធបក្ស Perikatan Nasional (PN)។

* រដ្ឋមន្ត្រីការបរទេស៖ ឯកឧត្តម ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា (Dato’ Sri Saifuddin Abdullah ) ចូលកាន់តំណែងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មកពីគណបក្សឯកភាពជាតិម៉ាឡេស៊ី (Parti Pribumi Bersatu Malaysia – PPBM)។

* ប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានការបោះឆ្នោតជ្រើសតាំងរៀងរាល់ ៥ឆ្នាំម្តង។

៣៖ ជីវប្រវត្តិសង្ខេបលោក Ismail Sabri Yaakob

លោក Ismail Sabri បានចូលប្រឡូកក្នុងឆាកនយោបាយ អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយនៅក្នុងតំណែងជាសមាជិកសភារបស់ គណបក្សលោក Muhyiddin Yassin លោក Ismail ត្រូវបានជំរុញឲ្យធ្វើជាទេសរដ្ឋមន្ត្រី ហើយក្រោយមកទៀតទើបលោកបានឡើងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីតែម្តង។

* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦០ (អាយុ ៦១ឆ្នាំ)

* ស្រុកកំណើត៖ ស្រុក ទែមើឡោះ (Temerloh) នៃរដ្ឋ ប៉ាហាង (Pahang)

* កម្រិតសិក្សា៖ សិក្សាថ្នាក់បឋមសិក្សារហូតដល់វិទ្យាល័យនៅរដ្ឋ Pahang រួចទើបទៅបន្តការសិក្សាផ្នែកច្បាប់ នៅឯសាកលវិទ្យាល័យម៉ាឡាយ៉ា (Universiti Malaya) នៃទីក្រុងគូឡាឡាំពួ។

* មុនចូលប្រឡូកក្នុងកិច្ចការនយោបាយ លោក Ismail Sabri Yaakob ធ្លាប់ធ្វើជាមេធាវីឲ្យស្ថាប័នកំពូលៗរបស់រដ្ឋដូចជា អាជ្ញាធរអភិវឌ្ឍរដ្ឋ Pahang, គណៈលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ម៉ាឡេស៊ី និងទីភ្នាក់ងារលើកស្ទួយកីឡាជាតិជាដើម។

* លោក Ismail Sabri Yaakob ធ្លាប់កាន់តំណែងដំបូងជារដ្ឋមន្ត្រី កាលពីឆ្នាំ២០០៨ ដោយកាលណោះលោកគឺជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អាប់ឌុលឡោះ បាតាវី (Tun Abdullah Badawi)។

* លោក Ismail Sabri Yaakob ហាក់មានបទពិសោធន៍ចំរុះ ដោយធ្លាប់កាន់តំណែងកំពូលៗជាច្រើនដូចជា៖ ឆ្នាំ ២០០៩-២០១៣ លោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងស្រុក និងកិច្ចការអតិថិជន, ចាប់ពីឆ្នាំ ២០១៣-២០១៥ ជារដ្ឋមន្ត្រីក្រសួងកិសិឧស្សាហម្ម និងកសិកម្ម ហើយដោយឡែកចាប់ពីឆ្នាំ ២០១៥-២០១៨ លោកគឺជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍថ្នាក់តំបន់ និងជនបទ។

* បន្ទាប់ពីឆ្នាំ២០១៨ លោកបានជួបប្រទះបញ្ហាចម្រូងចម្រាស់មួយចំនួន ទាក់ទងនឹងបញ្ហាបង្កឡើងមកពីការបង្កើតផ្សារឌីជីថល (MARA Digital Mall) ដែលនាំឲ្យមានការប្រកួតប្រជែងគ្នាជាមួយផ្សារ Low Yat Plaza។ បញ្ហានេះបានធ្វើឲ្យលោក បាត់មុខពីឆាកនយោបាយមួយរយៈ។

* លោក Ismail Sabri បានត្រឡប់ចូលកាន់តំណែងជាថ្មីក្នុងជួរគណៈរដ្ឋមន្រ្តី ក្រោមក្របខណ្ឌនៃសម្ពន្ធគណបក្សថ្មី ដែលត្រូវដឹកនាំរដ្ឋាភិបាល ហៅថា ភែរីកាតាន់ ណាស៊ិនណាល់ (Perikatan Nasional ឬ PN) ដែលជាការរួមសំឡេងគ្នារវាងគណបក្ស ប៊ឺសាទុ (Bersatu), គណបក្ស PAS, និងសម្ពន្ធគណបក្ស បារីសាន់ ណាស៊ិនណាសល់ (Barisan Nasional)។

* លោក Ismail Sabri ស្ថិតក្នុងចំណោមទេសរដ្ឋមន្រ្តីចំនួន ០៤រូប ដែលត្រូវបានតែងតាំង ដោយ ០៣រូបទៀតគឺលោក ម៉ូហាំម៉េដ អាស្មីន អាលី (Mohamed Azmin Ali) ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច, លោក ហ្វាទីលឡោះ យូសូហ្វ (Fadillah Yusof) ជារដ្ឋមន្រ្តីក្រសួងការងារ, និងលោក ម៉ូដ រ៉ាដហ្ស៊ី ហ៊ីទីន (Mohd Radzi Md Jidin) ជារដ្ឋមន្រ្តីក្រសួងអប់រំ ខណៈរូបលោកគឺជារដ្ឋមន្រ្តីក្រសួងសន្តិសុខ។ ក្រោយការផ្ទុះឡើងនូវជំងឺ COVID-19 ក្នុងប្រទេសម៉ាឡេស៉ី លោក Ismail ក៏បានក្លាយជាអ្នកនាំពាក្យសំខាន់មួយរូប របស់រដ្ឋាភិបាលផងដែរ។

៤៖ ទិន្នន័យសេដ្ឋកិច្ចទូទៅ

* ផលិតផលក្នុងស្រុកសរុប (ផសស ឬ GDP) USD ៣២៩.៥៤ ប៊ីលាន (២០២០)
* ផសស/ម្នាក់៖ USD ១០,៥២១ (២០២០)
* កំណើនផសស៖ ៣.៥% (២០២១)
* ផសសតាមវិស័យ៖ (២០២០)
* សេវាកម្ម៖ ៥៨.១%
* ឧស្សាហកម្ម៖ ៣៣.៥%
* កសិកម្ម៖ ៧.៤%
* ការនាំចេញ (២០២១) ៖ USD ២៩៦ ប៊ីលាន
* ការនាំចូល (២០២១) ៖ USD ២៣៥ ប៊ីលាន

៥៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី

* ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧៖ កម្ពុជា និងម៉ាឡេស៊ីបានភ្ជាប់ទំនាក់ទំនងការទូត។
* ឆ្នាំ១៩៦៩-១៩៧៥៖ រក្សាចំណងការទូតនៅត្រឹមកម្រិតភារៈធារីស្តីទីមាននិវេសនដ្ឋាន នៅទីក្រុងប៉េកាំង។
* ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩១៖ កម្ពុជា-ម៉ាឡេស៊ី ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។
* ឯកអគ្គរាជទូតម៉ាឡេស៊ី៖ ឯកឧត្តម អែលឌីន ហាសៃនី ប៊ីន ម៉ូដ ហាស៊ីម (H.E. Mr. Eldeen Husaini BIN MOHD HASHIM) (ថ្វាយសារតាំង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩)
* ឯកអគ្គរាជទូតកម្ពុជា៖ ឯកឧត្តម ចឺយ វិចិត្រ (ថ្វាយសារតាំង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០)
* ឆ្នាំ២០២២ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី។

៦៖ ពាណិជ្ជកម្មទ្វេភាគី

* ទំនិញសំខាន់ៗ ដែលកម្ពុជានាំចូល៖ ប្រេងឥន្ធនៈ បំពង់ទីប និងទុយោជ័រ ដុំហ្រ្វាំង និងដុំស្ពឺកង់ ក្រណាត់ត្បាញ ភេសជ្ជៈ និងអាហារកែច្នៃពីម្សៅ។
* ទំនិញសំខាន់ៗដែលកម្ពុជានាំចេញ៖ សម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ូទ័រអគ្គិសនី អង្ករ គ្រាប់ និងសាច់ត្នោត។
* ម៉ាឡេស៊ី តែងតែឈរលំដាប់ទី១ ក្នុងចំណោមសមាជិកអាស៊ាន ដែលនាំអង្ករចូលពីកម្ពុជាច្រើនជាងគេ សរុបចំនួន ៤១.៣៧៤ តោន ក្នុងរយៈពេល១១ ខែឆ្នាំ២០២១។

៧៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ-ការពារជាតិ

តាមរយៈកម្មវិធី Malaysian Defense Cooperation Programme (MDCP) ម៉ាឡេស៊ីបានផ្តល់វគ្គសិក្សាដល់សិក្ខាកាមកម្ពុជា គិតពី
ឆ្នាំ២០០២ - ២០២០ ចំនួន ១៣៨នាក់។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ កម្ពុជា និងម៉ាឡេស៊ីបានចុះហត្ថលេខាលើ Letter of Intent បញ្ជាក់អំពីបំណងរបស់ក្រសួងការពារជាតិ ទាំងពីរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា៕