(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាហើយ ចំពោះការដាក់ទណ្ឌកម្មថ្មីៗទៅលើប្រទេសរុស្ស៊ី ក្នុងនោះមានដូចជាការ កត់ឈ្មោះអ្នកនយោបាយ សមាជិកសភា និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ីជាច្រើនទៀត ចូលទៅក្នុងបញ្ជីខ្មៅ, ហាមឃាត់វិនិយោគិន EU មិនធ្វើជំនួញជាមួយរុស្ស៊ី ព្រមទាំងទណ្ឌកម្មផ្សេងៗទៀត ដែលមានគោលដៅលើវិស័យនាំចូល និងនាំចេញ រវាងក្រុមហ៊ុននៅក្នុងតំបន់ផ្តាច់ខ្លួនទាំងពីរ នៅភាគខាងកើតអ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានគោលនយោបាយនៃសហភាពអឺរ៉ុប លោក ចូសិព បូរ៉ែល (Josep Borrell) បានថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការបរទេស EU ក្នុងទីក្រុងប៉ារីសប្រទេសបារាំង នៅថ្ងៃអង្គារសប្តាហ៍នេះថា សហភាពនេះបានជ្រើសរើស មិនដាក់ទណ្ឌកម្មដោយផ្ទាល់ ទៅលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នោះឡើយ។ លោក Borrell បានគូសបញ្ជាក់ថា ការទទួលស្គាល់ជាផ្លូវការ ចំពោះតំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែនចំនួន ២ គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជារដ្ឋឯករាជ្យនោះ គឺជាការរំលោភលើអធិបតេយ្យភាពអ៊ុយក្រែន ដែលមិនអាចទទួលយកបានជាដាច់ខាត។

លោក Josep Borrell បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថា «កញ្ចប់ទណ្ឌកម្មថ្មី ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយរដ្ឋជាសមាជិក EU នៅពេលនេះ នឹងធ្វើឱ្យរុស្ស៊ីឈឺចាប់... ហើយវានឹងធ្វើឲ្យមានសម្ពាធខ្លាំង (លើរុស្ស៊ី)»។ សម្រាប់ការសម្រេចចិត្ត មិនដាក់ទណ្ឌកម្មដោយផ្ទាល់លើ ប្រធានាធីបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នោះ គឺមិនមានការបកស្រាយអំពីមូលហេតុនោះឡើយ។

គួរបញ្ជាក់ថា ការរៀបចំកញ្ចប់ទណ្ឌកម្មថ្មីរបស់ EU ខាងលើនេះ គឺមានគោលដៅទៅសមាជិកទាំងអស់ នៃសភាជាន់ទាបរបស់រុស្ស៊ី ដែលបានបោះឆ្នោតគាំទ្រ ការផ្តាច់ខ្លួនជារដ្ឋឯករាជ្យនៃតំបន់់ Donetsk និង Luhansk ដោយទ្រព្យសម្បត្តិពួកគេទាំងអស់ ដែលមាននៅក្នុងបណ្តាប្រទេស EU នឹងត្រូវបង្កក ខណៈពួកគេក៏នឹងត្រូវហាមឃាត់ មិនឲ្យធ្វើដំណើរចូលមកកាន់ប្លុកនេះផងដែរ។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថា តើទណ្ឌកម្មទាំងអស់ខាងលើនេះ នឹងត្រូវចូលជាធរមាននៅពេលណាឡើយ ប៉ុន្តែក្រុមមន្ត្រី EU បានរំពឹងថា ឆាប់ៗខាងមុខនេះវានឹងត្រូវដាក់ចេញ ដោយពួកគេនឹងបង្ហាញឈ្មោះបុគ្គល ដែលនឹងត្រូវរងទណ្ឌកម្មនោះ ជាសាធារណៈតែម្តង។ លោក Josep Borrel បានត្រឹមបង្ហើបថា បុគ្គល ២៨រូប និងក្រុមហ៊ុនចំនួនទៀតនៅរុស្ស៊ី នឹងត្រូវកត់ឈ្មោះចូលក្នុងបញ្ជីទណ្ឌកម្មថ្មីរបស់ EU៕