(គែរ)៖ អ៉ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់លើទីតាំងជាច្រើនកន្លែង នៅក្នុងខេត្ត គូនេត្រា (Quneitra) នៃប្រទេសស៊ីរី នៅថ្ងៃពុធនេះ ដោយបង្កការខូចខាតមួយចំនួន។ នេះបើតាមយោធាស៊ីរី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន, យោធាស៊ីរីមិនបានបញ្ជាក់លម្អិតពីទីតាំងដែលរងការវាយប្រហារនោះទេ ដោយគ្រាន់តែឱ្យដឹងថាមីស៊ីល ទាំងនោះត្រូវបានបាញ់នៅម៉ោង ១២៖៣០នាទីយប់ឈានចូលថ្ងៃពុធនេះ ចេញពីតំបន់ហ្គូលិន ហៃ (Golan Heights) ដែលស្ថិតនៅក្រោម
ការគ្រប់គ្រងដោយអ៉ីស្រាអែល។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយឡើយ ឆ្លើយតបទៅនឹងការចោទប្រកាន់ពីយោធាស៊ីរី។ អ៉ីស្រាអែល តែងតែត្រូវបានគេ រាយការណ៍ថាបានបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងទឹកដីស៊ីរី ហើយជារឿយៗយោធាអ៉ីស្រាអែល ក៏បានទទួលស្គាល់ដែរថា ការវាយប្រហាររបស់ខ្លួនមានគោលដៅលើមូលដ្ឋាន ឬឃ្លាំងស្ដុកទុកអាវុធរបស់កងជីវពលស៊ីអ៉ីតគាំទ្រដោយអ៉ីរ៉ង់៕