(យូអិន)៖ ប្រមុខដឹកនាំនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ គូតឺរែស (Antonio Guterres) នាថ្ងៃអង្គារសប្តាហ៍នេះ បានចេញមុខទទូចឱ្យរុស្ស៉ី គោរពឱ្យបានពេញលេញចំពោះធម្មនុញ្ញរបស់ UN ហើយលោកបានថ្កោលទោសទៅលើ ការទទួលស្គាល់ជាផ្លូវការរបស់ទីក្រុងម៉ូស្គូ ចំពោះឯករាជ្យភាពនៃតំបន់ផ្តាច់ខ្លួនចំនួន២ នៅភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Guterres បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «បណ្តារដ្ឋជាសមាជិក សុទ្ធតែបានទទួលយកគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដូច្នេះហើយពួកគេត្រូវគោរពអនុវត្តតាមពួកវាទាំងអស់ មិនមែនអាចជ្រើសរើសគោរពឬមិនគោរព តាមគោលការណ៍ណាមួយនៅក្នុងនោះ ស្រេចតែអំពើចិត្តបានឡើយ»

លោកអគ្គលេខាធិការ UN បានចាត់ទុក ការប្រកាសទទួលស្គាល់របស់រុស្ស៉ី ចំពោះឯករាជ្យភាពនៃតំបន់ទាំង២ នៅភាគខាងកើតអ៊ុយក្រែន ជាការរំលោភបំពានលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា វាគឺជាការសម្លាប់កិច្ចព្រមព្រៀងទីក្រុង Minsk ដែលគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខរបស់ UN និងត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាជម្លោះប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីប្រកាសទទួលស្គាល់ឯករាជ្យតំបន់នៅភាគខាងកើតអ៊ុយក្រែន ប្រធានាធីបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏បានប្រកាសពីការត្រៀមបញ្ជូនកងទ័ព ឱ្យទៅបំពេញបេសកកម្ម ដែលលោកហៅថា បេសកកម្មរក្សាសន្តិភាពនៅទីនោះផងដែរ ខណៈលោក Guterres ក៏បានរិះគន់ធ្ងន់ៗចំពោះទង្វើនេះ៕