(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ ថូនី ប្លីងគែន (Antony Blinken) បានឱ្យដឹងថាលោកបានលុបចោលកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីទីក្រុងម៉ូស្គូ ទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅអ៊ុយក្រែន ជារដ្ឋឯករាជ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Blinken ប្រកាសពីការសម្រេចចិត្តខាងលើប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបទេសអ៊ុយក្រែន ក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Blinken បានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន, អ្វីដែលយើងបានឃើញគឺការឈ្លានពាន កំពុងចាប់ផ្ដើម ហើយសកម្មភាពរបស់រុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ថាពួកគេបានច្រានចោលដំណោះស្រាយការទូត។ ដូច្នេះ វាគ្មានន័យអ្វីត្រូវបន្ត រៀបចំជំនួបនៅពេលនេះឡើយ។ លោក Blinken ធ្លាប់បានអះអាងថាលោកបានយល់ព្រមជួបជាមួយលោក ឡារ៉ូវ ដរាបណារុស្ស៊ីមិនឈ្លានពាន អ៊ុយក្រែន។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅអ៊ុយក្រែនជារដ្ឋឯករាជ្យនោះដែរ, បណ្ដាប្រទេសលោកខាងលិចដឹកនាំដោយ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជាបណ្ដើរៗ ហើយបើតាមលោក Blinken ការសម្រេចចិត្ត លុបចោលកិច្ចប្រជុំជាមួយលោក ឡារ៉ូវ ធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយសម្ពន្ធមិត្ត៕