(ប៉េកាំង)៖ ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលទើបបិទបញ្ចប់នៅពេលថ្មីៗកន្លងទៅ មានទិដ្ឋភាពមួយគួរឱ្យរំជួលចិត្តណាស់៖ អ្នកនាង Xu Mengtao កីឡាការិនីចិនបានឱបជាមួយអ្នកនាង Ashley Caldwell ដែលជាកីឡាការិនីអាមេរិក បន្ទាប់ពីអ្នកនាងទទួលបានមេដាយមាស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសា Ladies' Aerials នៃការប្រកួតជិះស្គីព្រិលបែបសេរី។ អ្នកនាង Ashley Caldwell បានហៅអ្នកនាង Xu Mengtao ថា «Taotao» យ៉ាងស្និទ្ធស្នាលផង និងជូនពរគាត់ទទួលបានជើងឯកផង។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នកទាំងអស់គ្នាទាំងក្នុងនិងក្រៅកីឡដ្ឋាន រំជួលចិត្តយ៉ាងខ្លាំង ដែលបានបង្ហាញពីស្មារតីកីឡាទំនើបរបស់អត្តពលិក ដែលប្រកួតប្រជែងដោយសន្តិភាពនិងសាមគ្គីគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក ក្រៅពីទទួលបានជ័យជំនះខាងស្នាដៃប្រកួតកីឡា។

ការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី២៤ បានបិទបញ្ចប់នៅក្រុងប៉េកាំងកាលពីថ្ងៃទី២០ ខែកុម្ភៈ។ ក្នុងនាមជា «ទីក្រុងដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា» ដំបូងគេក្នុងប្រវត្តិសាស្ត្រ ក្រុងប៉េកាំងជាសាក្សីនៃកិត្តិយសនិងក្ដីសុបិន ក្នុងកីឡាប្រកួតដែលបានប្រមូលផ្តុំសាមគ្គីភាពនិងមិត្តភាពនៃសង្គមមនុស្សជាតិ។ អត្តពលិកដែលមកពីតំបន់នានាលើពិភពលោក បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពនិងយកឈ្នះលើខ្លួនឯង ដោយបានបំបែកកំណត់ត្រាពិភពលោកចំនួនពីរ និងកំណត់ត្រានៃការប្រកួតកីឡាអូឡាំពិករដូវរងាចំនួន១៧។

អ្វីដែលកាន់តែគួរឱ្យរំភើបចិត្ត និងភ្ញាក់ផ្អើលជាងជើងឯកនិងកំណត់ត្រា នោះគឺការជួបជុំគ្នារបស់មហាគ្រួសារអូឡាំពិកនៅក្រុងប៉េកាំង ពោលគឺ អត្តពលិកជិត៣ពាន់នាក់ ដែលមកពីប្រទេសនិងតំបន់ចំនួន៩១ បានជួបជុំគ្នានៅក្រុងប៉េកាំង ក្នុងនោះ មានតំបន់ Samoa របស់អាមេរិកដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាម្តងទៀត បន្ទាប់ពីខកខានអស់រយៈពេល២៨ឆ្នាំ ហើយក៏មានប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងហៃទី ដែលចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាជាលើកទីមួយផងដែរ។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជាការប្រកួតកីឡាអូឡាំពិករដូវរងាលើកទីមួយបន្ទាប់ពីដាក់ពាក្យ «កាន់តែសាមគ្គីគ្នា» ចូលក្នុងបាវចនាអូឡាំពិក ដូច្នេះ ពាក្យស្លោក «រួមគ្នាឆ្ពោះទៅអនាគត» នឹងណែនាំអត្តពលិកកីឡាអូឡាំពិក ដែលមកពីតំបន់នានាលើទូទាំងពិភពលោកសាមគ្គីគ្នា ផ្តល់ជំនួយគ្នាទៅវិញទៅមក ពួតដៃគ្នាឆ្ពោះទៅមុខ ដើម្បីសម្រេចគោលបំណងរួម។

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសា Ladies' Big Air នៃការប្រកួតជិះស្គីបែបសេរី កញ្ញា Gu Ailing ដែលទទួលជើងឯកនិងកញ្ញា Mathilde GREMAUD ដែលទទួលជយលាភីលេខបីបាននាំគ្នាទៅលួងលោមកញ្ញា Tess LEDEUX ដែលទទួលជយលាភីលេខពីរ ហើយស្រក់ទឹកភ្នែកនោះ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡា Curling ចម្រុះបុរស-នារីរវាងចិននិងអាមេរិក នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អត្តពលិកចិននិងអាមេរិកបានជូនកាដូគ្នាទៅវិញទៅមក ដើម្បីទុកជាអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសា Men's Aerials នៃការប្រកួតជិះស្គីព្រិលបែបសេរី លោក Ilia Burov កីឡាករនៃគណៈប្រតិភូគណៈកម្មាធិការកីឡាអូឡាំពិករុស្ស៊ី បានទះដៃជាមួយលោក Oleksandr Abramenko កីឡាកររបស់អ៊ុយក្រែនហើយឱបគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចែករំលែកក្តីសប្បាយរីករាយជាមួយគ្នា។ល។

ក្រៅពីការធ្វើអន្តរកម្មវិជ្ជមានរវាងអត្តពលិក ភាពរាក់ទាក់កក់ក្តៅរបស់អ្នកស្ម័គ្រចិត្តនិងប្រជាជនចិន ក៏បានទុកអារម្មណ៍ដ៏ជ្រាលជ្រៅឱ្យអត្តពលិកផងដែរ។ បន្ទាប់ពីបញ្ចប់ពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អ្នកនាង Tessa Maud កីឡាការិនីជិះស្គីលើក្តាររបស់អាមេរិក បានរំលឹកឡើងវិញតាមប្រព័ន្ធទំនាក់ទំនងសង្គម នូវខណៈដែលអ្នកស្ម័គ្រចិត្តចិនស្រែកថា «ស្វាគមន៍មកប្រទេសចិន» ទៅកាន់ខ្លួននៅយប់ថ្ងៃដដែល ហើយអ្នកនាងមានទឹកចិត្តរំភើបស្ទើរតែស្រក់ទឹកភ្នែក។ អ្នកនាង Jenise Spiteri កីឡាការិនីនៃគណៈប្រតិភូកីឡាម៉ាល់តាបានថ្លែងថា ពេលអ្នកត្រូវការ បុគ្គលិកនៅទីនេះសុទ្ធតែមានចិត្តល្អនិងស្មោះត្រង់ ខ្ញុំគិតថា នេះគឺជាវិធីដែលមនុស្សទាំងអស់គ្នាលើពិភពលោកតភ្ជាប់គ្នា ដែលមិនរងផលប៉ះពាល់ពីនយោបាយនិងសេដ្ឋកិច្ចនោះទេ។

ប្រទេសចិនពុះពារឧបសគ្គជាច្រើន យកឈ្នះលើការលំបាកគ្រប់បែបយ៉ាង ដើម្បីផ្តល់ «ការប្រកួតកីឡាអូឡាំពិក ដែលមិនអាចប្រៀបផ្ទឹមបានយ៉ាងពិតប្រាកដ» មួយលើកជូនចំពោះពិភពលោក។ នេះជាការបកស្រាយយ៉ាងរស់រវើក ចំពោះការអនុវត្តជាក់ស្តែងនៃប្រទេសនានានិងតំបន់នានាលើពិភពលោក ដែលជួយយកអាសាគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា ក៏ដូចជាបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។

Robin (FN), [2/23/2022 4:12 PM]
នៅយប់រៀបចំធ្វើពិធីបិទបញ្ចប់ ពេលកាំជ្រួចរាងជាអក្សរចិន «Tian Xia Yi Jia» និងអក្សរអង់គ្លេស «ONE WORLD ONE FAMILY» ត្រូវបាញ់បង្ហោះទៅក្នុងអាកាសនៅលើកីឡដ្ឋានជាតិចិន មនុស្សជាតិនៅពីក្រោមទង់កងប្រាំវង់គឺមានសាមគ្គីភាពខ្លាំងណាស់។ ពេលនេះ មិនបែងចែកប្រទេសឬពូជសាសន៍ សុទ្ធតែបានលើសពីពិន្ទុនិងភាពឈ្នះចាញ់។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបកស្រាយយ៉ាងរស់រវើកនូវការដែល «ពិភពលោករួមបញ្ចូលគ្នាដូចគ្រួសារតែមួយ»។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងបើកសករាជថ្មីនៃកីឡាអូឡាំពិក ហើយក៏នឹងបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការដោយសាមគ្គីភាពជាសកលផងដែរ៕