(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថាប្រទេសរបស់លោកកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសកម្មភាពរបស់ ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងការហាមឃាត់ការចេញមូលបត្របំណុលរុស្ស៊ី និងបង្កទ្រព្យសម្បត្តិនៃបុគ្គលរុស្ស៊ី មួយចំនួននៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

បើតាមលោក Fumio Kishida សកម្មភាពរបស់រុស្ស៊ីបានរំលោភបំពានអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយលោកផ្ទាល់បានអំពាវនាវឱ្យរុស្ស៊ី ត្រឡប់មករកតុចរចាដោះស្រាយបញ្ហាតាមផ្លូវការទូត។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកក៏ព្រមានដែរថាជប៉ុនត្រៀមខ្លួនជាស្រេច ដើម្បីចាត់ វិធានការឆ្លើយតបបន្ថែម ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ឡើង។

ការសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ពីសំណាក់ជប៉ុន ធ្វើឡើងជាការឆ្លើយតបទៅនឹងលោកប្រធានាធិបតីរុស្ស៊ី ពូទីន ដែលបានប្រកាសទទួល ស្គាល់តំបន់ផ្ដាច់ខ្លួនពីរ គ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្ររុស្ស៊ី នៅឯភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជារដ្ឋឯករាជ្យ។ លោក ពូទីន ក៏បានបញ្ជូន កងទ័ពរុស្ស៊ីចូលទៅកាន់តំបន់ទាំង២ គឺ Donetsk និង Luhansk នោះដែរ ក្រោមឆត្ររក្សាសន្តិភាព៕