(តៃប៉ិ)៖ មន្ត្រីរដ្ឋាភិបាលកោះតៃវ៉ាន់ ដែលចិនចាត់ទុកត្រឹមតែជា តំបន់មួយរបស់ខ្លួននោះបានបង្ហើបឲ្យដឹងថា ពួកគេកំពុងមានការភ័យខ្លាច ក្រែងលោទីក្រុងប៉េកាំង ងាកមកច្បាមយកឱកាស នៃការវីវក់របស់ប្រទេសលោកខាងលិច ទៅលើស្ថានការណ៍ក្តៅគគុកនៅអ៊ុយក្រែន ដើម្បីដាក់សម្ពាធបន្ថែមទៀតលើដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

យ៉ាងណាក៏ដោយ មន្ត្រីតៃវ៉ាន់ដដែលបានបង្ហើបឲ្យដឹងទៀតថា អាជ្ញាធរកោះនេះមិនបានអង្កេតឃើញ សកម្មភាពមិនប្រក្រតីណាមួយ នៃកងកម្លាំងយោធាចិននោះឡើយ។ ជារៀងរាល់ពេល កោះតៃវ៉ាន់តែងតែតាមដាន ចំពោះសកម្មភាពនានារបស់យោធាចិន ជាពិសេសកងទ័ពជើងអាកាសចិន ខណៈកាលពីឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះត្រូវបានចាត់ទុកថា ជាឆ្នាំដែលចិនបានបញ្ជូនយន្តហោះចម្បាំង ហោះឆ្វែលកោះនេះច្រើនលើកបំផុត និងបានបង្កទៅជាភាពតានតឹងខ្លាំង មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំផងដែរ។

ដោយឡែកនៅថ្ងៃពុធនេះ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានថ្លែងប្រាប់នៅក្នុងកិច្ចប្រជុំ នៃក្រុមការងារពិសេសមួយថា កោះតៃវ៉ាន់ត្រូវតែបង្កើនការឃ្លាំមើល និងប្រុងប្រយ័ត្នរបស់ខ្លួន លើកសកម្មភាពយោធានៅក្នុងតំបន់ និងដោះស្រាយផងដែរ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតពីបរទេស។ ទោះជាយ៉ាងណា, លោកស្រីមិនបានរំលេចឈ្មោះប្រទេស «ចិន» នៅក្នុងកិច្ចប្រជុំនោះឡើយ។

គួរបញ្ជាក់ថា ប្រទេសចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយ ចំពោះការភ័យខ្លាចរបស់កោះតៃវ៉ាន់ខាងលើឡើយ ប៉ុន្តែកាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី និងសមភាគីសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងគែន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ស្តីពីវិបត្តិអ៊ុយក្រែន និងបញ្ហាពាក់ព័ន្ធកោះតៃវ៉ាន់។ នៅក្នុងឱកាសនោះ លោក វ៉ាង បានប្រាប់លោក ប្លីងគែន ថា «ការដាក់បញ្ចូលតៃវ៉ាន់ទៅក្នុងយុទ្ធសាស្ត្រ ដើម្បីទប់ទល់ចិននោះ គឺកំពុងតែក្លាយជាការបញ្ជូនសារ ខុសឆ្គងទាំងស្រុង»។

ការលើកឡើងរបស់លោក Wang ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី សហរដ្ឋអាមេរិកកាលពីដើមខែកុម្ភៈនេះ បានធ្វើការប្តេជ្ញាចិត្តបន្ថែមទៀត ចំពោះការផ្តល់ធនធាន និងការគាំទ្រផ្នែកការទូតទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ទីក្រុងវ៉ាស៊ីនតោនថែមទាំងបានលើកឡើងទៀតថា ខ្លួននឹងធ្វើការជាមួយដៃគូពាក់ព័ន្ធទាំងក្នុង និងក្រៅតំបន់នេះ ដើម្បីធានាឲ្យបាននូវស្ថិរភាព និងសន្តិភាពនៅតំបន់ច្រកសមុទ្រ ដែលបែងចែករវាងកោះតៃវ៉ាន់ និងប្រទេសចិន៕