(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ប្រទេសចិនបានចេញមុខចោទប្រកាន់ចំៗ ទៅលើសហរដ្ឋអាមេរិកតែម្តងថា កំពុងតែរុញច្រានឲ្យមានតានតឹង និងការភ័យខ្លាចកាន់តែខ្លាំងឡើង ជុំវិញវិបត្តិនៅអ៊ុយក្រែន។ ការចោទប្រកាន់បែបនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ និងបំពាក់សព្វាវុធបន្ថែមឲ្យអ៊ុយក្រែន ដើម្បីទប់ទល់់នឹងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាល្ងាចថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រទេសចិនត្រូវបានគេមើលឃើញថា បាននិងកំពុងបោះជំហានយ៉ាងប្រយ័ត្នប្រយែង ជុំវិញវិបត្តិនៅអ៊ុយក្រែន។ កាលពីថ្ងៃអង្គារកន្លងទៅនេះ តាមរយៈកិច្ចប្រជុំបន្ទាន់នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីឆ្លើយតបនឹងការទទួលស្គាល់តំបន់ផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ដោយទីក្រុងម៉ូស្គូនោះ ប្រទេសចិនបានអំពាវនាវឲ្យភាគីពាក់ព័ន្ធ បន្តកិច្ចសន្ទនាការទូត ដើម្បីដោះស្រាយបញ្ហា និងចៀសវាងការចេញសកម្មភាពនានា ដែលនាំឲ្យស្ថានការណ៍ កាន់តែវិវឌ្ឍទៅរកភាពតានតឹង។

យ៉ាងណាក៏ដោយនៅថ្ងៃពុធនេះ ចិនបានចោទប្រកាន់ត្រង់ៗទៅសហរដ្ឋអាមេរិកថា ការប្រកាសបញ្ជូនសព្វាវុធបន្ថែមទៀត ទៅឲ្យទីក្រុងកៀវនោះហើយ គឺជាការជំរុញឲ្យភាពតានតឹងកាន់តែកើនឡើង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានប្រាប់ក្នុង សន្និសីទសារព័ត៌មានថ្ងៃពុធនេះ នៅរដ្ឋធានីប៉េកាំងថា «សកម្មភាពរបស់សហរដ្ឋអាមេរិក បាននិងកំពុងបង្កើនភាពតានតឹង, បង្កើតក្តីភ័យខ្លាច ហើយថែមទាំងជាការលេងល្បែង ដែលនាំទៅរកសង្គ្រាមផងដែរ»

គួរបញ្ជាក់ថា ក្រៅពីសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី និងចក្រភពអង់គ្លេសជាដើម សុទ្ធតែបានប្រកាសចេញរួចទៅហើយ អំពីការដាក់ទណ្ឌកម្មលើរុស្ស៊ី និងតំបន់ចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន គឺ Donetsk និង Luhansk ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនោះ។ ជុំវិញស្ថានការណ៍តានតឹងបែបនេះ ប្រទេសចិនបានអំពាវនាវជាថ្មី ឱ្យភាគីពាក់ព័ន្ធទាំងអស់គោរព និងយកចិត្តទុកដាក់ ចំពោះបញ្ហាសន្តិសុខដ៏ស្របច្បាប់ រវាងគ្នាទៅវិញទៅមក, ខិតខំដោះស្រាយបញ្ហាតាមរយៈកិច្ចចរចា និងការពិគ្រោះយោបល់ និងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»៕