(សេអ៊ូល)៖ ផែនការរបស់បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងនាំមុខគេ មកពីគណបក្សប្រឆាំង គឺលោក យូន ស៊ុកយ៉ុល (Yoon Suk-yeol) ដើម្បីទិញប្រព័ន្ធខែលការពារមីស៊ីល ថាអាដ (THAAD) បន្ថែមពីសហរដ្ឋអាមេរិក អាចនឹងបង្កហានិភ័យនៃការសងសឹក ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ចិន ប៉ុន្តែវាអាចនឹងផ្ដល់ឱកាស សម្រាប់ការកំណត់ទំនាក់ទំនងឡើងវិញ ជាមួយទីក្រុងប៉េកាំងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក គីម ស៊ុងហាន (Kim Sung-han) ដែលជាទឹប្រឹក្សាខាងគោលនយោបាយការបរទេសរបស់ លោក Yoon Suk-yeol ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសនៅថ្ងៃពុធនេះ។ នៅក្នុងបទសម្ភាសន៍នោះ លោក Kim ក៏បានលើកឡើងផងដែរថា កូរ៉េខាងជើងទំនងជានឹងចាប់ផ្ដើមធ្វើតេស្ដ អាវុធនានាឡើងវិញ ប៉ុន្តែក្រុមការងាររបស់លោកនឹងដាក់ចេញផែនការមួយ ដែលនឹងផ្ដល់ផលចំណេញដល់ទីក្រុងព្យុងយ៉ាង ប្រសិនបើកូរ៉េខាងជើង ពិតជាព្រមរំសាយអាវុធនុយក្លេអ៊ែរមែននោះ។

លោក Yoon Suk-yeol គឺជាអ្នកអភិរក្សនិយមម្នាក់ និងជាបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងនាំមុខគេ មកពីគណបក្សអំណាចប្រជាជន (People Power Party) ដែលនឹងត្រូវចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៩ ខែមីនាខាងមុខ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង បានស្គាល់ភាពតានតឹងចាប់តាំងពីកូរ៉េខាងត្បូង អនុញាតឱ្យសហរដ្ឋអាមេរិកដំឡើង ប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ ចិនបានដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូង ជាពិសេសលើវិស័យទេសចរណ៍ ដោយចោទថាប្រព័ន្ធរ៉ាដានៃមីស៊ីលអាមេរិកនេះ មានគោលដៅតាមដានសកម្មភាពកងទ័ពចិន។

បើតាមលោក Kim Sung-han ការដំឡើងប្រព័ន្ធមីស៊ីល THAAD បន្ថែមអាចនឹងត្រូវចំណាយប្រាក់ ១.២៦ពាន់លានដុល្លារអាមេរិក ហើយលោកក៏រំពឹងដែរថា ការធ្វើបែបនេះ នឹងធ្វើឱ្យចិនចាត់វិធានការសងសឹកផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែ វាអាចនឹងផ្ដល់ឱកាសសម្រាប់ការកំណត់ទំនាក់ទំនងឡើងវិញ ជាមួយទីក្រុងប៉េកាំង ព្រោះថារដ្ឋបាលថ្មីរបស់លោក Yoon Suk-yeol នឹងរៀបចំកិច្ចសន្ទនាសន្តិសុខ ដើម្បីបំបាត់ការយល់ច្រឡំ ហើយធានាថា រ៉ាដានៃប្រព័ន្ធមីស៊ីល THAAD មិនមានគោលដៅលើចិននោះទេ៕