(សេអ៊ូល)៖ ទីភ្នាក់ងារសុវត្ថិភាពឱសថរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុពី៥ ដល់១១ឆ្នាំជាលើកដំបូង ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសអូមីក្រុង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីហួរនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

វ៉ាក់សាំង២ដូស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer និង BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើក្នុងចំនោមអនីតិជនដែលមានអាយុពី៥ ទៅ១១ឆ្នាំ ជាមួយនឹងកម្រិតដូសទាបជាង១០មីក្រូក្រាម ជាង៣០មីក្រូក្រាម សម្រាប់អ្នកដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ នេះបើយោងតាមទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូង។

ក្រសួងបាននិយាយថា ការអនុញ្ញាតនេះគឺមានគោលបំណងជួយបង្ការការឆ្លង និងការសម្រាកនៅមន្ទីរពេទ្យរបស់កុមារ ចំពេលមានការរីករាលដាលនៃវីរុស Omicron ដែលកំពុងវាយលុកខ្លាំង។

គួរបញ្ចាក់ថា នៅក្នុងតួលេខចុងក្រោយបង្អស់ ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុត ចំនួន១៧១,៤៥២ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២,៣២៩,១៨២ករណី៕